ការប្រកាសបិទសិក្ខាសាលាស្តីពីការប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការសិក្សាស្រាវជ្រាវ រៀបចំតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋ មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលា ស្តីពីការប្រមូលធាតុចូល លើសេចក្តីព្រាងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា នៅវិទ្យាស្ថានជាតិអប់រំ កាលពីរសៀលថ្ងៃ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា គណៈកម្មការសិក្សាស្រាវជ្រាវ រៀបចំតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា បានចាប់ផ្តើមដំណើរការសិក្សាស្រាវជ្រាវ រៀបចំតាក់តែង តាំងពីខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់ដើមឆ្នាំ២០២២។ ក្នុងនោះបានរៀបចំកិច្ចប្រជុំ ចំនួន ១២៦លើក ចងក្រងជាច្បាប់ មាន១២ជំពូក ៣១៦មាត្រា និងចែកជា ៣២ផ្នែក។ ប្រធានគណៈកម្មការសិក្សាស្រាវជ្រាវ រៀបចំតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡារូបនេះ សង្កត់ធ្ងន់ថា ការតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា គឺជាមូលដ្ឋានគ្រឹះសម្រាប់អត្តពលិកជំនាន់ក្រោយ ក្នុងការស្រាវជ្រាវ ការងារគ្រប់គ្រងអង្គការកីឡា ការគ្រប់គ្រងសកម្មភាពហាត់ប្រាណ និងលេងកីឡានៅតាមគ្រឹះស្ថានសិក្សា ការគ្រប់ គ្រងសកម្មភាពហាត់ប្រាណ និងលេងកីឡា ការគ្រប់គ្រងការរៀបចំការប្រកួត និងព្រឹត្តិការណ៍កីឡា ការគ្រប់គ្រងកីឡាកម្រិតខ្ពស់ ការបណ្ដុះបណ្ដាលធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុកីឡា ក្រមសីលធម៌កីឡា ការដោះស្រាយវិវាទកីឡា និងការងារពាក់ព័ន្ធនានា ក្នុងវិស័យកីឡារបស់ជាតិយើងជាដើម។ ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមទៀតថា ការតាក់តែងច្បាប់ ស្តីពីការគ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡានេះ គឺជាយន្តការនៃការកែទម្រង់ស៊ីជម្រៅមួយ ក្នុងការងារគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ហើយក្រោយពេលច្បាប់នេះ ត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់នោះ រចនាសម្ព័ន្ធចាត់តាំងមួយចំនួនក៏ត្រូវបានបង្កើតថ្មី ហើយរចនាសម្ព័ន្ធចាត់តាំងមួយចំនួនទៀត ក៏ត្រូវបានសម្រួលកែលម្អជាថ្មី និងធ្វើឱ្យការងារគ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា កាន់តែមានលក្ខណៈត្រឹមត្រូវ និងខិតជិតទៅនឹងនិយាមនៃស្តង់ដារអន្តរជាតិ។ មិនតែប៉ុណ្ណោះនឹងជួយជំរុញឱ្យវិស័យនេះ កាន់តែបានដើរតួនាទីយ៉ាងសំខាន់ ជាបេសកកម្មក្នុងការបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ពិសេសសិស្ស និងនិស្សិតឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តម ស សុខា បានបញ្ជាក់បន្ថែមថា «ច្បាប់នេះ វានឹងក្លាយទៅជាប្រទីបមួយ ជួយរួមចំណែបំភ្លឺផ្លូវបន្ថែមទៀត ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់កម្ពុជា នាឆ្នាំ២០២៣ ពេលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការ ណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលជាប្រវត្តិសាស្ត្រដំបូង»។ គួរបញ្ជាក់ថា សិក្ខាសាលានេះមានរយៈពេល១ថ្ងៃកន្លះ ចាប់ពីថ្ងៃទី៩-១០ ខែឧសភា ឆ្នាំ២០២២ ដែលពិធីបើកបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការសិក្សាស្រាវជ្រាវ រៀបចំតាក់ តែងច្បាប់ គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា៕សម្រួលដោយ ទៀង បុណ្ណរី