ឯកឧត្តម បួកែវ ភុំវង្សសាយឯកអគ្គរដ្ឋទូតប្រទេសឡាវចាត់ទុកកម្ពុជាជាមិត្តដ៏ល្អក្នុងគ្រាជួបវិបត្តិកូវីដ១៩

ភ្នំពេញ៖ ឯកឧត្តម បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតប្រទេសឡាវ ដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា បានសម្តែងការអរគុណចំពោះសភាកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយគាំទ្រប្រទេសខ្លួននៅគ្រប់កាលៈទេសៈ ពិសេសក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។ ថ្លែងក្នុងឱកាសចូលជួបសម្តែងការគួរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានឱ្យដឹងថា រដ្ឋាភិបាល និងប្រជាជន របស់ខ្លួន បានសម្តែងការដឹងគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយវ៉ាក់សំាងកូវីដ១៩ និងសម្ភារៈបរិក្ខារពេទ្យជាច្រើនជូនដល់ប្រទេសឡាវនាពេលកន្លងមក។ ឯកឧត្តម បានថ្លែងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តែងតែគាំទ្រប្រទេសឡាវ នៅគ្រប់កាលៈទេសៈ ជាក់ ស្តែងក្នុងឱកាសដែលជំងឺកូវីដ១៩រាតត្បាត គឺកម្ពុជាបានផ្តល់ជំនួយជាម៉ាស់ វ៉ាក់សំាងនិងសម្ភារៈបរិក្ខាពេទ្យព្រមទាំង ថវិកា ដល់ប្រទេសឡាវ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តមនៅម្ពុជានាពេលនេះ ពិតជាមានសារសំខាន់ ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់នេះ ឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត ទាំងក្នុងក្របខណ្ឌ បក្ស រដ្ឋាភិបាល និងរដ្ឋសភា ។ សម្តេចមានប្រសាសន៍បន្តថា ទោះបីនៅក្នុងកាលៈទេសៈជំងឺកូវីដ-១៩ រាតត្បាតជាង២ឆ្នាំមកនេះយ៉ាងណាក្តី តែទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរនៅតែបន្តធ្វើឡើងជាប្រក្រតី ហើយការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការជួបសន្ទនារវាងថ្នាក់ដឹកនាំប្រទេសទំាងពីរបានធ្វើឡើងជាប្រចាំ។ សម្តេចប្រធានបានលើកឡើងថា នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេន នឹងរៀបចំមហាសន្និបាតអាយប៉ា និងជំនួបកំពូលអាស៊ាន។ កម្ពុជាជឿជាក់ថា ប្រទេសឡាវ នឹងមានវត្តមាននៅក្នុងមហាសន្និបាតនិងជំនួបដ៏សំខាន់នោះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា រដ្ឋសភា និងរដ្ឋាភិបាលឡាវ នឹងបន្តគាំទ្រតួនាទីលើឆាកអន្តរជាតិដ៏មានសារសំខាន់នេះរបស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវជោគជ័យ និងវិបុលភាព ប្រជាជាតិទាំងពីរ និងតំបន់អាស៊ានទាំងមូលផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង