អាល្លឺម៉ង់មានការចាប់អារម្មណ៍ក្នុងកិច្ចសហការជាមួយក្រសួងកិច្ចការនារីលើវិស័យស្រ្តី សន្តិភាព និងសន្តិសុខ ដើម្បីធានាឱ្យស្រ្ដីគ្រប់រូបរស់នៅជាមួយសន្ដិភាព និងសន្ដិសុខ

 ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២

ភ្នំពេញ៖ លោកស្រីបណ្ឌិត Angelika Stauder លេខាទីមួយ នៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅកម្ពុជាបានបង្ហាញនូវចំណាប់អារម្មណ៍លើកិច្ចសហការជាមួយក្រសួងកិច្ចការនារីលើវិស័យស្រ្តី សន្តិភាព និងសន្តិសុខ ជាវិស័យដ៏សំខាន់មួយ ដែលអាចប្រើជាមាគ៌ាសម្រាប់ធានាឱ្យបានថាស្រ្តីគ្រប់រូបនឹងរស់នៅដោយមានសន្តិភាព និងសន្តិសុខ។ការលើកឡើងនេះ ក្នុងជំនួបសម្តែងការគួរសមជាមួយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី កាលពីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងកិច្ចការនារី។ លោកស្រីបណ្ឌិត Angelika Stauder បានសម្ដែងនូវការកោតសរសើរចំពោះ ក្រសួងកិច្ចការនារី លើភាពជាដៃគូដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធកន្លងមក ស្ដីពីការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។ លោកស្រីបណ្ឌិតបានគូសបញ្ជាក់ថា តាមរយៈការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ពាក់ព័ន្ធនឹងការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី និងការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គមក្រោយវិបត្តិកូវីដ-១៩។ លោកស្រីបណ្ឌិតក៏បានពិភាក្សា និងលើកឡើងអំពីកិច្ចសហការជាមួយក្រសួងកិច្ចការនារីនាពេលអនាគតដែល រួមបញ្ចូលទាំងការបង្កើតនូវតួនាទីភារកិច្ចថ្មី សម្រាប់អ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងយេនឌ័រ (CIM Integrated Expert on Economic and Gender) ផងដែរ។លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានបង្ហាញនូវការកោតសរសើរដល់រដ្ឋាភិបាល និងពលរដ្ឋអាល្លឺម៉ង ដែលបានចូលរួមគាំទ្រដល់ការអភិវឌ្ឍ និងសុខសន្តិភាពដល់កម្ពុជាកន្លងមក ជាពិសេសលើវិស័យកិច្ចការនារី។ លោកជំទាវកិត្តិបណ្ឌិតបានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០០២ មក រដ្ឋាភិបាលអាល្លឺម៉ង់បានសហការជាមួយក្រសួងកិច្ចការនារី ក្នុងការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងជួយគាំទ្រជាអ្នកជំនាញការផ្នែកសេដ្ឋកិច្ចដល់ក្រសួងជាបន្តបន្ទាប់ផងដែរ។ លោកជំទាវរដ្ឋមន្ដ្រីបានបន្ថែមថា សម្រាប់ទិសដៅបន្ត ក្រសួងកិច្ចការនារីស្វាគមន៍ពេញទំហឹង ចំពោះការរៀបចំឱ្យកាន់តែច្បាស់លាស់ លើកិច្ចការអាទិភាពរបស់ក្រសួង ជាមួយគោលនយោបាយសហប្រតិបត្តិការអន្តរជាតិ របស់អាលឺ្លម៉ង់ ជាពិសេសលើគោលនយោបាយការបរទេសផ្នែកស្រ្តីនិយម។លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា ក្រសួងកិច្ចការនារី តាមរយៈគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី (ACW) បានដឹកនាំបង្កើតឱ្យមាននូវផែនការសកម្មភាពថ្នាក់តំបន់ស្ដីពីស្រ្តី សន្តិភាព និងសន្តិសុខ (RPA on WPS) ព្រមទាំងដាក់ស្នើសុំថ្នាក់ដឹកនាំនៃប្រទេសអាស៊ានទាំង១០ អនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ ក្រោមភាពជាប្រធានរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២២នេះ។ លោកជំទាវក៏បានជម្រាបជូនថា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ក្រសួងកិច្ចការនារី នឹងរៀបចំឱ្យមានកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្រ្តីអាស៊ាន លើកទី២ ក្រោមប្រធានបទ ការលើកកម្ពស់សហគ្រិនភាពស្រ្តីអាស៊ានផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង