ក្រសួងអប់រំ យុវជន និងកីឡាបានទទួលសម្ភារអេឡិចត្រូនិចសម្រាប់រង្វាយតម្លៃអំណាននិងគណិត​វិទ្យាថ្នាក់ដំបូងពីអង្គការយូណេស្កូ

 ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២

ភ្នំពេញ៖ កុំព្យូទ័រយួដៃចំនួន០២គ្រឿង កុំព្យូទ័របន្ទះចំនួន១០២គ្រឿង និងម៉ាស៊ីនបញ្ចាំងស្លាយ LCD ចំនួន០១គ្រឿង ត្រូវបានដាក់ឱ្យប្រើប្រាស់បម្រើដល់ការងាររង្វាយតម្លៃអំណាន និងគណិត​វិទ្យាថ្នាក់ដំបូង នៅក្នុងគម្រោង STPEcam-GPE3 ក្រោមការសម្របសម្រួលពីអង្គការ យូណេស្កូ ត្រូវបានប្រគល់ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា។

ពិធីនេះប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​អញ្ជើញ​​​ចូលរួមពី​ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់​អង្គការយូណេស្កូ ដែលបានឧបត្ថម្ភសម្ភារអេឡិចត្រូនិចទាំងអស់នេះដល់ក្រសួងអប់រំ យុវជននិងកីឡា មិនតែប៉ុណ្ណោះអង្គការយូណេស្កូបានសហការអនុវត្តន៍រង្វាយតម្លៃ​អំណាន និងគណិតវិទ្យាថ្នាក់ដំបូង នៃគម្រោងពង្រីកកម្មវិធីអប់រំគ្រូនៅកម្ពុជា(STEPcam-GPE3) តាម​ប្រព័ន្ធអនឡាញ នៅតាមសាលារៀនចំនួន៣៤០ ក្នុងខេត្តគោលដៅចំនួន៩ ដោយបាន​អនុវត្តន៍រង្វាតម្លៃនៅឆ្នាំ២០២០។

ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា គម្រោងក៏​គ្រោង​នឹង​ធ្វើការរង្វាយតម្លៃនៅចុងឆ្នាំ២០២២ បន្តទៀត ដើម្បីឱ្យការអនុវត្តរង្វាយតម្លៃ អំណាន​ថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូង (EGRAនិងEGMA) ដែលគាំទ្រដោយគម្រោង​ពង្រឹងការអប់រំគ្រូនៅកម្ពុជា (STEPcam-GPE3)ក្លាយជាមធ្យោបាយមួយដែលអាចយក​មក​ប្រើ​សម្រាប់វាស់វែងគុណភាព នៃលទ្ធផលសិក្សារបស់សិស្សប្រកបដោយភាពត្រឹមត្រូវ។

ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់នូវអនុសាន៍មួយចំនួនដូចជា មន្ត្រីអនុវត្តន៍ទាំង​អស់​ត្រូវ​ពង្រឹង​សមត្ថភាពប្រើប្រាស់កម្មវិធី Tangerine នៅក្នុងTablet ដើម្បីគ្រប់គ្រង និង​ប្រមូលទិន្ន័យតេស្តរង្វាយតម្លៃអំណានដំបូង និងគណិតវិទ្យាដំបូង។ ជាមួយគ្នានេះ សហ​ការ​ជា​មួយគ្រប់ដៃគូអភិវឌ្ឍន៍ក្នុងការអនុវត្តគម្រោងទាក់ទងនឹងអំណាន និងគណិតវិទ្យា​ថ្នាក់​​បូង ដើម្បីសិក្សាស្វែងយល់ក៏ដូចជាពិនិត្យមើលការអនវត្តកម្មវិធីអំណាន និងកណិត​វិទ្យា​ថ្នាក់ដំបូងនៅប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ​បានបន្ថែថា ត្រូវពង្រីងកិច្ច​ស​ហ​ការជាមួយនាយកដ្ឋានជំនាញ និងនាយកដ្ឋានពាក់ព័ន្ធក្នុងការប្រើប្រាស់កញ្ចប់​សម្ភារ​អំណាន និងគណិតវិទ្យាថ្នាក់ដំបូងឱ្យបានដល់គ្រប់សាលារៀនបឋមសិក្សានៅ​ទូទាំង​ប្រទេស។ ទន្ទឹមនេះ ចូលរួមពិភាក្សាជាមួយអ្នកពាក់ព័ន្ធ និងគ្រូបង្រៀន ដើម្បីរិះរក​វិធី​សាស្រ្តបង្រៀនអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ជាពិសេសលើផ្នែកដែលរកឃើញថា​មានបញ្ហាខ្លាំង។ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានជំរុញឱ្យមន្រ្ដីជំនាញនិងផ្នែកពាក់ព័ន្ធចូលរួម​ពង្រឹង​​ ការ​បញ្ជា្របវិធីសាស្រ្តបង្រៀនអំណាន និងគណិតវិទ្យាថ្នាក់ដំបូងនៅតាមស្ថាប័នបណ្តុះ​បណ្តាលគ្រូ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង