រដ្ឋបាលខេត្តត្រៀមបន្ទប់សម្រាប់ធ្វើចត្តាឡីស័ករួចជាស្រេច នៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ

TNM(ខេត្តរតនគិរី) ៖ វេជ្ជបណ្ឌិត អ៊ុង រតនា ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានអះអាងថា តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលខេត្តរតនគិរី ដែលមានឯកឧត្តម ថង សាវុន ជាអភិបាលខេត្ត បានត្រៀមបន្ទប់ចំនួន១០៤ សម្រាប់ការធ្វើចត្តាឡីស័ក នៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ។

តាមការលើកឡើងរបស់លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ក្នុងឱកាសដែលលោកប្រធានដឹកនាំមន្រ្តីជំនាញ នាំយកសម្ភារៈប្រើប្រាស់មួយចំនួន ដូចជា សាប៊ូ ច្រាសដុះធ្មេញ ថ្នាំដុះធ្មេញ ជែល ម៉ាស កាធុនទឹក និងកាមេរ៉ាសុវត្ថិភាពបំពាក់ជុំវិញអគារធ្វើចត្តាឡីស័ក នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។

លោកប្រធានមន្ទីរបានគូសបញ្ជាក់ថា ដើម្បីការពារសុវត្ថិភាព ការរីករាលដាលចូលក្នុងសហគមន៍នៃជំងឺកូវីដ១៩ មន្ត្រីជំនាញសុខាភិបាល ប្រចាំការ នៅច្រកទ្វារបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធធ្វើការក្តាប់ឲ្យជាប់ និងតាមដានរាល់សកម្មភាព នៃការឆ្លងដែនរបស់ប្រជាពលរដ្ឋ ពិសេសការឆ្លងដែនខុសច្បាប់ ហើយប្រសិនបើមានមែន មន្ទីរសុខាភិបាលខេត្ត និងកងកម្លាំងពាក់ព័ន្ធត្រៀមរួចជាស្រេច នូវមធ្យោបាយ សម្ភារៈ សម្រាប់បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កើតឡើងជាយថាហេតុ។

លោកវេជ្ជបណ្ឌិត អ៊ុង រតនា បន្តថា ថ្មីៗនេះ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវបទបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធដែលឈរ ជើងតាមបណ្តោយព្រំដែនត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់លើបញ្ហាពលរដ្ឋដែលលួចឆ្លងដែនដោយខុសច្បាប់ធ្វើយ៉ាងណាត្រូវទប់ស្កាត់ឲ្យខានតែបាន ជាពិសេសឯកឧត្តមអភិបាលខេត្តបានក្រើនរំលឹកឲ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នាចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា ទីតាំងធ្វើចត្តាឡីស័កនេះជាការចូលរួមចំណែករបស់ឯកឧត្តម អ្នកឧកញ៉ា ទ្រី ភាព។ ហើយគិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានធ្វើចត្តាឡីស័កពលរដ្ឋកម្ពុជាចំនួន១នាក់បន្ទាប់ពីគាត់ធ្វើដំណើរពីប្រទេសវៀតណាមចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវនេះ៕

 

អត្ថបទដែលជាប់ទាក់ទង