សហគមន៍កសិកម្មលើកទឹកចិត្តដល់ប្រជាកសិករឱ្យដាំដុះដំណាំបន្លែសុវត្ថិភាពតាមតម្រូវការទីផ្សារ

ថ្ងៃទី 

សហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា បាន លើកទឹកដល់ប្រជាកសិករឱ្យដាំដុះដំណាំបន្លែសុវត្ថិភាព តាមស្តង់ដារបច្ចេកទេសនិងចងក្រងគ្នាជាក្រុម ដើម្បីធានាដល់ការផ្គត់ផ្គង់តម្រូវការ ទីផ្សារឱ្យមាននិរន្តរភាព ។ លោក យូរ មករា ប្រធានសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា បានឱ្យដឹងថា សហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា ដែលកំពុងអនុវត្តជារៀងរាល់ថ្ងៃនេះ គឺជួយសម្របសម្រួលដល់ប្រជាកសិករ លើមធ្យោបាយដឹកជញ្ជូន កន្លែងប្រមូលផ្តុំ ការចែកចាយ សម្រាប់អតិថិជនទូទៅ ដែលចង់បានបន្លែសុវត្ថិភាពយកទៅលក់នៅលើទីផ្សារដើម្បីផ្គត់ផ្គង់ឱ្យមានស្ថិរភាព។ លោកបានបន្តថា សហភាពសហគមន៍កសិកម្មបានកំណត់ឱ្យសមាជិកក្នុងសហគមន៍ទាំងអស់ តម្រូវឱ្យមានការបណ្តុះបណ្តាល តាមគោលការណ៍ទាំងអស់ ជាពិសេសប្រជាកសិករ ត្រូវដាំដុះបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់ ដើម្បីធានាយ៉ាងណា បន្លែរបស់យើង ប្រកបដោយគុណភាព និងសុវត្ថិភាព។ លោកបានបញ្ជាក់ថា ផលិតកម្មដំណាំបន្លែសុវត្ថិភាព ប្រើប្រាស់បច្ចេកទេសទំនើប ប្រកបដោយភាពវៃឆ្លាត ការដាំដុះទំនើប ក្នុងផ្ទះសំណាញ់បច្ចេកទេសសន្សំសំចៃទឹក គម្របថង់ប្លាស្ទិកកាត់បន្ថយការប្រើប្រាស់ទឹក កាត់បន្ថយកម្លាំងពលកម្ម។ «បច្ចុប្បន្ននេះសហភាព បានរៀបចំផែនការផលិតកម្មមួយ ឱ្យសមាជិកទាំងអស់អនុវត្ត កាលពីមុន កសិករ គាត់ធ្លាប់ដាំ តាមនឹកឃើញរបស់គាត់ ។អញ្ចឹងយើងមានបញ្ហាច្រើន នៅពេលគាត់បានផលហើយ លក់អត់ដាច់ នេះហើយយើងតែងតែឃើញ កសិករ មួយចំនួនគាត់តែងតែលើកថាបញ្ហាលក់មិនដាច់ពីមុនគាត់អត់គិតថា ត្រូវស្វែងយល់ទីផ្សារនោះទេ បច្ចុប្បន្ន នេះសហភាព យើង រៀបចំផែនការរួម សមាជិកជាង២០០គ្រួសារ ។ អញ្ចឹងមុនយើងរៀបចំផែនការផលិតកម្មយើងត្រូវចាប់ផ្តើមជាមួយទីផ្សារជាមុនសិន និងមើលរោងផ្ទះសំណាញ់គ្រប់គ្រាន់ ឆ្លើយតប ទីផ្សារបានឬអត់។ សហគមន៍យើងនឹងរៀបចំ ទី១ គួរបណ្តុះកូននៅពេលណា យកដាំពេលណា ប្រមូលផលពេលណា ដើម្បីឆ្លើយតបជាមួយទីផ្សារដែលយើងមានបញ្ហា ឱ្យផ្គត់ផ្គង់មានស្ថិរភាព ដែលយើងដោះស្រាយនឹងអនុវត្តបន្តទៀត»។ សូមបញ្ជាក់ថា សហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា គឺបានចងក្រង សហគមន៍បន្លែ តាមបណ្តាខេត្ត មួយចំនួនដើម្បីឱ្យពួកគាត់ ដាំបន្លែសុវត្ថិភាពនៅក្នុងរោងសំណាញ់ យកមកប្រមូលផ្តុំ មករាជធានីភ្នំពេញ ដើម្បីផ្គត់ផ្គង់ទីផ្សារឱ្យមាននិរន្តរភាព ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង