ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ កំពុងទទួលរងការរិះគន់ពីប្រជាពលរដ្ឋ ពាក់ព័ន្ធភាពអសកម្មក្នុងការងារដោយទុកឲ្យផ្លូវជាច្រើនខ្សែបានរងការខូចខាតមិនព្រមជួសជុល

ថ្ងៃទី៧ ខែ ឧសភា ឆ្នាំ ២០២២

ខេត្តកំពង់ស្ពឺ៖អ្នកធ្វើដំណើរ ក៏ដូចប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវដែលរងការខូចខាតបានរិះគន់ លោក ស៊ូ សុន្ទរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថា ជាប្រធានមន្ទីរមួយរូបអសកម្មក្នុងការងាររបស់ខ្លួន ។ ការរិះគន់នេះ ប្រជាពលរដ្ឋបានធ្វើឡើងក្រោយពេលដែលពួកគាត់មើលឃើញថា កំណាត់ផ្លូវកៅស៊ូជាច្រើនខ្សែនៅក្នុងក្រុងច្បារមន ជាពិសេសផ្លូវជាតិលេខ៤ ជិតជញ្ជីងថ្លឹងរថយន្តតែម្តង និងផ្លូវជាតិលេខ៤១ បានរងការខូចខាតជាច្រើនខែមកហើយ មិនឃើញមន្ត្រីជំនាញខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ចុះធ្វើការជួសជុល ឬស្ថាបនាឡើងវិញសោះ ដោយបណ្តោយទុកឲ្យកំណាត់ផ្លូវកៅស៊ូមានផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ និងផ្លូវជាច្រើនខ្សែនៅក្នុងក្រុងច្បារមន ស្រុកសំរោងទង និងស្រុកគងពិសី កាន់តែខូចបន្តទៀត ។
គួរបញ្ជាក់ថា ចំពោះកំណាត់ផ្លូវដែលរងការខូចខាតជាច្រើនខ្សែនៅក្នុងក្រុងច្បារមន និងស្រុកមួយចំនួននេះ បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ច្បារមន សង្កាត់កណ្តោលដុំ និងកំណាត់ផ្លូវជាតិលេខ៤១ ស្ថិតនៅក្នុងភូមិទួលតាសុខ ឃុំសែនដី ស្រុកសំរោងទង រហូតដល់ ឃុំព្រៃញាតិ ស្រុកគងពិសី ចំណុចផ្សារវត្តគ្រួស ក៏បានរងការខូចខាតជាច្រើនខែមកហើយដែរ ប៉ុន្តែនៅមិនទាន់ឃើញមន្ត្រីខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺជាពិសេសលោក ស៊ូ សុន្ធរ៉ា ដឹកនាំមន្ត្រីជំនាញ ចុះទៅធ្វើការជួសជុល ឬស្ថាបនាឡើងវិញនោះទេ ។
សូមរំលឹកថា ពាក់ព័ន្ធនឹងផ្លូវថ្នល់រងការខូចខាត កន្លងមករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានក្រើនរំលឹកដល់អាជ្ញាធរ និងមន្ត្រីសាធារណការ និងដឹកជញ្ជូននៅតាមមូលដ្ឋានស្រុក-ខេត្ត ត្រូវយកចិត្តទុកដាក់លើការមើលថែទាំជួសជុលផ្លូវឲ្យបានជាប្រចាំ ដើម្បីកុំឲ្យផ្លូវខូចតិចតួចទុកចោលរហូតធ្វើឲ្យផ្លូវកាន់តែខូចច្រើនទៅៗ ឬផ្លូវខូចមានថ្លុកតូចៗ បែរទុកចោលបណ្តាលឲ្យផ្លូវកាន់តែខូចរីករាលធំទៅៗ ។ ប៉ុន្តែនៅខេត្តកំពង់ស្ពឺមិនដូច្នេះទេ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ស៊ូ ស៊ុន្ទរ៉ា មិនគោរពអនុវត្តតាមការក្រើនរំលឹករបស់ថ្នាក់ដឹកនាំនោះទេ ហើយបើតាមការសង្កេតមើលទៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺរូបនេះ បែរជាធ្វើប្រងើយកន្តើយហាក់ផ្គើននឹងប្រសាសន៍របស់ថ្នាក់ដឹកនាំដោយមិនព្រមដឹកនាំមន្ត្រីរបស់ខ្លួនចុះពិនិត្យថែទាំជួសជុលផ្លូវដែលខូចតិចតួច ដោយទុកចោលរហូតខូចកាន់តែច្រើនទៅៗបណ្តាយឲ្យរដ្ឋមានការខាតបង់ថវិកាកាន់តែច្រើនដោយសារស្ថាបនាផ្លូវឡើងវិញ ។ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង