ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការបំផុសស្មារតីប្រជាពលរដ្ឋឱ្យចូលរួមលើកកម្ពស់វិស័យកីឡា

ថ្ងៃទី 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំផុសស្មារតី ប្រជាពលរដ្ឋ ឱ្យចូលរួមលើកកម្ពស់វិស័យកីឡា ព្រោះកីឡាមិនត្រឹមតែជួយឱ្យមានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងជួយ កសាងកេរ្តិ៍ឈ្មោះប្រទេសជាតិផងដែរ ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ SEA Games និង PARAGames ឆ្នាំ២០២៣ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងសាលប្រជុំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា អ្នកសារព័ត៌មាន ពិធីករ ពិធីការិនី ត្រូវតែឧស្សាហ៍បំផុសអំពីវិស័យកីឡា ដែលស្របតាមពាក្យស្លោកថា «ប្រជាជនម្នាក់កីឡាមួយមុខ» និងព្យាយាមបង្ហាញពីការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី ដែលមានសមត្ថភាព ដើម្បីឱ្យប្រជាពលរដ្ឋ បានស្គាល់និងយល់កាន់តែច្បាស់ ពីវិស័យកីឡា និងលើកកម្ពស់វិស័យនេះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ឯកឧត្តមបានបន្តថា ក្នុងឱកាសដែលកម្ពុជាត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាSEA Games និង PARAGames ឆ្នាំ២០២៣ នាពេលខាងមុខ គឺអ្នកសារព័ត៌មាន មានតួនាទីសំខាន់ណាស់ ក្នុងការរិះរកគន្លឹះ រំលេចអំពីវិស័យកីឡានេះ ឱ្យបានច្រើន ក្នុងប្រព័ន្ធ ផ្សព្វផ្សាយ ព្រោះព្រឹត្តិការណ៍កីឡាធំៗទាំងនេះ បានជួយលើកមុខមាត់ប្រទេសជាតិ ឱ្យបណ្ដាប្រទេសដទៃទៀតបានស្គាល់ និងបាន ដឹងអំពីសមត្ថភាពរបស់កីឡាករ កីឡាការិនី កម្ពុជាថែមទៀត ។ សំឡេង៖ « ទីមួយយើងត្រូវរកគន្លឹះបំផុសប្រជាពលរដ្ឋយើងឱ្យយល់ពីទម្លាប់ថ្មី ទី២ .បំផុសកីឡាឲ្យប្រជាពលរដ្ឋស្រឡាញ់កីឡា អាចលើកពីប្រវត្តិកីឡានេះ កីឡានោះ ទី៣ រើសរកមើលពន្លកថ្មី ទំពាំងថ្មី ដែលការងារទាំងបីនេះ គឺជាភារកិច្ចរបស់អ្នកសារព័ត៌មាន ក្នុងប្រព័ន្ធផ្សព្វផ្សាយ ខាងគណៈកម្មការកីឡាគេបណ្ដុះបណ្ដាលកីឡាករ កីឡាការិនី ប៉ុន្តែយើងមានតួនាទីក្នុងការផ្សព្វផ្សាយ ដើម្បីលើកកីឡាករ កីឡាការិនីរបស់យើង ហើយគិតថា បើសិនជាយើងធ្វើបានល្អយើងនឹងទទួលបានជោគជ័យ មួយវិញទៀត ការបង្ហាញជោគជ័យកីឡានេះគឺសំខាន់ណាស់ » ។ សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនោះ ត្រូវបានរាជរដ្ឋាភិបាល កំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃរៀបចំពិធីបើកការប្រកួត ខណៈពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ផងដែរ ។ បន្ទាប់មកកម្ពុជានឹងបន្ដរៀបចំព្រឹត្តិការណ៍ដ៏ធំមួយទៀត គឺការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលនឹង ចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង