សមាជិកមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ)ចំនួន៣០០នាក់ ទទួលបានអំណោយនិងបណ្ណ័ប. ស. ស ពីសម្តេចតេជោ ហ៊ុន សែន តាមរយៈ ឯកឧត្តម ឃួង ស្រេង

ថ្ងៃទី 

ភ្នំពេញ៖ ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនា បតីតេជោហ៊ុន សែន តែងតែក្រើនរំលឹកដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុម ប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា យកចិត្តទុកដាក់និងមើលថែ ពីសុខទុក្ខបងប្អូនដែលជាសមាជិកអ្នកធាក់ស៊ីក្លូ ក្នុងរាជធានី ភ្នំពេញ ពោលគឺនៅពេលពួកគាត់ជួបការលំបាក ខ្វះខាត ត្រូវជួយពួកគាត់ភ្លាម។ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៧ ឧសភានេះ ឯកឧត្តម ឃួង ស្រេង បានចាត់ឲ្យលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានី ភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា នាំយកនូវអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនបងប្អូនដែលជាសមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន៣០០នាក់ នៅសាលារាជធានីភ្នំពេញ ដើម្បីជួយសម្រួល ដល់ការលំបាកក្នុងជីវភាពរបស់ពួកគាត់។ លោក ម៉េត មាសភក្តី បានមានប្រសាសន៍ឲ្យដឹងថា៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តែងក្រើនរំលឹកឲ្យឯកឧត្តម ឃួង ស្រេង យកចិត្តទុកដាក់និងមើលថែ ពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ពោលគឺនៅពេលពួកគាត់ ជួបការលំបាកខ្វះខាតត្រូវជួយពួកគាត់ភ្លាម។ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៧ ឧសភានេះ ឯកឧត្តម ឃួង ស្រេង បានចាត់ឲ្យលោក នាំយកនូវអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ចែកជូនបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ចំនួន៣០០នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម ,មី១កេសតូច ,ទឹកស៊ីអ៊ីវឬទឹកត្រី១យូរ, ត្រីខ១យូរ និងប្រេងឆា ១ដប។ ជាមួយគ្នានេះដែរ បងប្អូនអ្នកធាក់ស៊ីក្លូទាំង៣០០នាក់ក៏ទទួលបានអាវឯកសណ្ឋានចំនួន២កំប្លេនិងបណ្ណ័ប. ស. ស ដើម្បីឲ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់ផងដែរ។ លោកម៉េត មាសភក្តី បន្តទៀតថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបងប្អូន អ្នកធាក់ស៊ីក្លូទាំងនេះ ដោយក្នុងបរិបទជម្ងឺកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ទេ នូវបានផ្តល់អំណោយជាគ្រឿង ឧបភោគ បរិភោគ ម៉ាស់ អាល់កុល ជែល ជូនពួកគាត់ថែមទៀត។ ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំង៣០០នាក់ ក៏ទទួលបាន ប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់អាចបើកបាន៣ដង ក្នុង១ដង៧ម៉ឺនរៀល។ គួរបញ្ជាក់ផងដែរថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨មករាឆ្នាំ២០១៨ គឺមានរយៈពេល៤ឆ្នាំ ហើយ ក្រោមការ ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអាណានិ គមនិយមបារាំង៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង