យោធភូមិភាគទី៥ និងគណៈបញ្ជាការកងឯកភាពខេត្តបន្ទាយមានជ័យបញ្ជាឲ្យដាក់កម្លាំងបន្ថែមទៀតតាមខ្សែបន្ទាត់ព្រំដែន
TNM(ខេត្តបន្ទាយមានជ័យ) ៖ ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងទទួលជាមេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២១ នេះថា កងកម្លាំង គ្រប់លំដាប់បានបន្តខិតខំអនុវត្តនូវបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ឲ្យទទួលបានលទ្ធផលល្អ និងប្រកបដោយការទទួលខុសត្រូវក្នុងការទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩។ ពិសេសនោះគឺពលករខ្មែរដែលបានត្រឡប់ពីប្រទេសថៃវិលមកស្រុកកំណើតវិញ ដោយឆ្លងដែនខុសច្បាប់ គេចវេះពីការត្រួតពិនិត្យតាមច្រកព្រំដែន និងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កស្រុកនិងខេត្ត។
ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងទទួលជាមេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យបានរួមដំណើរ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការកងឯកភាពខេត្តបានបន្តចុះពិនិត្យកម្លាំងប្រដាប់អាវុធសហការទាំង៣ ដែលកំពុងឈរជើង ល្បាតទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមបណ្តោយ ខ្សែបន្ទាត់ព្រំដែន និងតាមភូមិសាស្ត្រទទួលខុសត្រូវ ក្នុងបំណងបង្ការទប់ស្កាត់កុំឲ្យជំងឺកូវីត១៩ ដែលផ្ទុះរីករាលដាលនៅសហគមន៍នៃប្រទេសថៃចូលមកក្នុងសហគមន៍កម្ពុជា តាមរយៈការបញ្ជូនពលករខ្មែរត្រឡប់មកប្រទេសកម្ពុជាវិញនោះ។
ថ្លែងក្នុងពេលចុះត្រួតពិនិត្យតាមព្រំដែននោះថា ៖ ” យើងឯកភាពគ្នាត្រូវដាក់បន្ថែមនូវកម្លាំងត្រួតពិនិត្យតាមបណ្តោយព្រំដែនចាប់ពីព្រំប្រទល់ស្រុកបន្ទាយអម្ពិកខេត្តឧត្តរមានជ័យ រហូតដល់ព្រំប្រទល់ស្រុកសំពៅលូនខេត្តបាត់ដំបង ប្រវែង១៥៤,៥គម “៕