ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីបុណ្យពុទ្ធាពិសេក ព្រះអភ័យមុត្តមហាតេជោ សម្ពោធឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តពោធិ៍បន្ទាយ ក្នុងកណ្តៀងរាយ ស្រុកស្វាយទាប

ខេត្តស្វាយរៀងទី០៦ ខែឧសភា ឆ្នាំ២០២២

នៅព្រឹកថ្ងៃសុក្រទី០៦ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីបុណ្យ ពុទ្ធាពិសេក ព្រះអភ័យមុត្តមហាតេជោ សម្ពោធឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តពោធិ៍បន្ទាយ ក្នុងកណ្តៀងរាយ ស្រុកស្វាយទាប ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងពិធីមានឯកឧត្ដម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្តមនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងលោកជំទាវ ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត ក្រុមការងារចុះមូលដ្ឋានស្រុកស្វាយទាប លោក លោកស្រីប្រធានមន្ទីរ-អង្គនានាជុំវិញខេត្ត តំណាងកងកម្លាំងទាំងបី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការសាលាស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋ សរុប ១.២៦៨នាក់។

ថ្លែងនៅក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលដោយក្តឺនឹករលឹក និងការគិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

លោកជំទាវបានបន្តថា «ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បាននាំមកនូវសុខសន្ដិភាពជូនប្រទេសជាតិ ដែលបានផ្តល់ឱកាសឲ្យបងប្អូនទាំងអស់គ្នាអាចប្រារព្ធពិធីព្រះពុទ្ធសាសនា តាមទំនៀមទម្លាប់បែបប្រពៃណីសាសនារបស់ជាតិ»។ ទន្ទឹមនោះ សមិទ្ធផលដែលបានពុទ្ធាភិសេក និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅងក្នុវត្តពោធិ៍បន្ទាយនាពេលនេះ គឺបានមកពីទឹកចិត្ត និងសទ្ធាជ្រះថ្លារបស់ឯកឧត្ដមនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងលោកជំទាវ ហៅ ច័ន្ទសិរីទេពី ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជនដែលបានចំណាយថវិកាអស់ ៥៧១.៥៦៥ដុល្លារ ក្នុងការកសាង។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្ដម ព្រមទាំងក្រុមគ្រួសារ ក៏បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការកសាងសមទ្ធិផលនានាជាច្រើន ទាំងក្នុងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្តស្វាយរៀងផងដែរ។
លោកជំទាវក៏បានបន្តទៀតថា ព្រះពុទ្ធសាសនា និងទីវត្តអារាម មិនគ្រាន់តែជាទីសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងសម្រាប់បណ្តុះនូវបញ្ញាញ្ញាណ និងជាថ្នាលសម្រាប់បណ្តុះគ្រាប់ពូជបញ្ញវ័ន្ត សម្រាប់ការកសាងជាតិ ក្នុងគ្រប់វិស័យផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សាសមិទ្ធផល ដែលយើងបានសម្ពោធក្នុងថ្ងៃនេះឲ្យបានគង់វង្ស ស្ថិតស្ថេរ ដើម្បីទុកជាទីសក្ការៈ និងជាទីកន្លែងគោរពប្រតិបត្តិផ្នែកសាសនា ជាពិសេសសូមចូលរួមការពារជំងឺកូវីដ-១៩ទាំងអស់គ្នា បើទោះបីមានការថយចុះក៏ដោយ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង