សិប្បកម្មចម្លាក់ស្មិត សុភាពខ្មែរ បន្តចូលរួម អភិរក្ស ថែរក្សាសិល្បៈវប្បធម៌ខ្មែរ

ខេត្តសៀមរាប ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២

សិប្បកម្មចម្លាក់សូនរូប ឬចម្លាក់ស្មិត មួយកន្លែង ក្នុងខេត្តសៀមរាប នៅបន្តថែរក្សាមរតកពីដូនតាមក តាមរយៈការសាងរូបពីស្ពាន់ មកជាវត្ថុប្រើប្រាស់ផ្សេងៗ ជាពិសេសវត្ថុជាទីសក្ការៈបូជាសម្រាប់លក់ជូនអតិថិជន។

លោកអ៊ិត សុភាព អាយុ៤៧ឆ្នាំ ម្ចាស់សិប្បកម្មចម្លាក់ស្មិត សុភាពខ្មែរ  មានទីតាំងនៅភូមិតាកុះ ឃុំ ព្រះដាក់  ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា សិប្បកម្មរបស់លោកបានបើកដំណើរការយូរឆ្នាំណាស់មកហើយ ដោយបានរៀនសូត្របន្តពីឪពុកតាំងពីវ័យក្មេងមក ក្នុងគោលបំណង ចូលរួមចំណែកអភិរក្ស ថែរក្សា និងលើកស្ទួយសិល្បៈវប្បធម៌ កេរ្តិ៍ដំណែលដូនតាខ្មែរ ដែលបានបន្សល់ទុកតាំងពីមុនសម័យអង្គរមក។ លោកបន្តថា បច្ចុប្បន្នសិប្បកម្មរបស់លោក មានលទ្ធភាពអាចធ្វើចម្លាក់សាងអំពីស្ពាន់ ជារូប ព្រះពុទ្ធរូប ទេវរូប ព្រះវិស្ណុ ឬរូបសម្រាប់ទី សក្ការៈបូជាផ្សេងៗជាច្រើនទៅតាមតម្រូវការបញ្ជាទិញ។

លោកបន្តទៀតថា សិល្បៈចម្លាក់ស្មិត ជាមរតកពីបុរាណមក អាចប្រឈមមុខនឹងការបាត់បង់បន្តិចម្តងៗ ដូច្នេះលោកចង់ឱ្យកូនខ្មែរជំនាន់ក្រោយ បន្តចូលរួមថែរក្សាសិល្បៈចម្លាក់នេះឱ្យបានគង់វង្ស តាមរយៈការបន្តសិក្សារៀនសូត្រ ស្វែងយល់ និងការជាវចម្លាក់ជារូបផ្សេងៗទៅតាំងនៅគេហដ្ឋាន។

យូរហើយ ខ្ញុំចេះពីឪពុកខ្ញុំមក ឪពុកខ្ញុំចេះយូរមកហើយ គាត់ជាជាងក្នុងរាជវាំងដែរ ចម្លាក់នៅភ្នំពេញ ខ្ញុំចេះបន្តពីគាត់រយៈពេលប្រហែល២០ឆ្នាំហើយ ចម្លាក់ខ្ញុំធ្វើអំពីស្ពាន់ ជារូបដូចគេកម្មង់ជារូបអីខ្ញុំអាចធ្វើបាន ខ្ញុំមានក្រុមជាងរបស់ខ្ញុំ ជាប្រភេទទេវរូប រូបព្រះវិស្ណុ ទេវៈ និងព្រះពុទ្ជជាច្រើន។ ខ្ញុំចង់បង្រៀនក្មេងៗជំនាន់ក្រោយបន្ត ព្រោះខ្ញុំខ្លាចបន្តិចទៀតអាចប្រឈមមុខ និងការបាត់បង់ សូម្បីតែកូនខ្ញុំក៏គាត់អត់សូវចាប់អារម្មណ៍និងយកចិត្តទុកដាក់ទេ បើយើងបណ្តុះបណ្តាលអាចមានដែរក្នុងចំណោម១០០នាក់មានម្នាក់ដែល គាត់អាចចេះបន្តពីយើងទៀត។

សូមជម្រាបផងដែរថា ចម្លាក់ស្មិត ជាសិល្បៈពីបុរាណមក ដែលភាគច្រើនសាងអំពីស្ពាន់ ជារូបច្រើនប្រភេទដូចជា៖ទេវរូប ព្រះពុទ្ធរូប ព្រះវិស្ណ  ទេវៈ និងរូបសំណាកផ្សេងៗ គេនិយមយកមកតាំងនៅទីកន្លែងសក្ការៈបូជា៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង