ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សម្ពោធអគារសិក្សានៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យមានតម្លៃជិត៥០ម៉ឺនដុល្លារ

បន្ទាយមានជ័យ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២

អគារសិក្សាអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលមាននៅ សាលាបឋមសិក្សាស្រះឈូក, ប្រាសាទ, ត្នោត, បន្ទាយនាងឫស្សីក្រោក, រហាត់ទឹក, ចក, ពង្រ, អូរស្ងួត និងទីចាត់ការសរុបចំនួន១១ខ្នង ស្មើនឹង៤៥បន្ទប់ ដែលមានតម្លៃសរុបជិត ៥០ម៉ឺនដុល្លារ នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានគូសបញ្ជាក់ថា ជាង៤៣ឆ្នាំកន្លងមកនេះដោយ ផ្តើមចេញពីថ្ងៃជ័យជម្នះ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានជំរុញការខិតខំ ស្តារប្រទេស ពីបាតដៃទទេកសាងបាននូវមូលដ្ឋានគ្រឹះដ៏សំខាន់នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច បណ្តុះបណ្តាលធនធានមនុស្សអប់រំសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីក្លាយ ជាពលរដ្ឋ ល្អ និងជាអ្នកបន្តវេនប្រកបដោយសក្តានុពលចូលរួមជួយកសាងប្រទេសជាតិ បានរីកចម្រើន និងមិនពាក់ព័ន្ធនឹងអំពើអបាយមុខ ចាកចេញឆ្ងាយពីបញ្ហាគ្រឿងញៀននោះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានកោតសរសើរ និងថ្លែងអំណរគុណចំពោះអ្នកពាក់ព័ន្ធ ក្នុងវិស័យអប់រំទាំងអស់ ដែលបានខិតខំពុះពារយកចិត្តទុកដាក់បង្រៀនសិស្ស ក្នុងរយៈកាល កន្លងមកជាពិសេសក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ក៏នូវបានថ្លែងកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធស្រុក មង្គលបូរី ដែលបានចូលរួមចំណែក ពង្រឹងខឿនការពារជាតិ ការពារបូរណភាពដែនដី រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សង្គម អនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមស្តារ បានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អភិវឌ្ឍវិស័យអប់រំ សុខាភិបាល សង្គមកិច្ច និងជីវភាពរស់នៅ របស់ប្រជាជនទៅតាមគន្លងប្រក្រតីភាពថ្មី នៃបរិបទកូវីដ-១៩។

ជាមួយនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំយកអំណោយ ជាថវិកា និងសម្ភារសិក្សា ផ្តល់ និងចែកជូនដល់កម្លាំងនគរបាល កងរាជអាវុធហត្ថសឹករង ស្រុក ប្រជាការពារ និងក្រុមគ្រូពេទ្យ ដោយក្នុង០១ក្រុមៗថវិកា៥០ម៉ឺនរៀល។ លោកគ្រូ អ្នកគ្រូ ១៤នាក់ ក្នុង១នាក់ទទួលបានសារុង១ និងថវិកា១ម៉ឺនរៀល, សិស្សានុសិស្ស៤២៥នាក់ ម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិក២ដើម និងថវិកា៥ពាន់រៀល, ប្រជាពលរដ្ឋចូលរួមទាំង អស់ ក្នុងម្នាក់ៗទទួលបានសារុង១, ឧបត្ថម្ភ ស.ស.យ.ក កាកបាទក្រហម និងក្រុម ការងារអភិវឌ្ឍន៍យុវជន ខេត្តបន្ទាយមានជ័យចំនួន៤២នាក់ ម្នាក់ៗ១ម៉ឺនរៀល និងជួយថវិកា ៥ម៉ឺនដុល្លារកសាងអគារសិក្សា១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាចកផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង