ក្រសួង៣ កំពុងតែសិក្សារួមគ្នាអំពីការដែលត្រូវកំណត់អាយុ អនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹង ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល កំពុងសហការគ្នា ដើម្បីឈានទៅដល់ការពិចារណា លើការកំណត់អាយុដែលអនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹង សម្រាប់មនុស្សពេញវ័យ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមការអះអាងរបស់ ឯកឧត្ដម  ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូច្នេះ នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក Jack Myint នាយកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ប្រចាំនៅកម្ពុជា មីយ៉ាន់ម៉ា និងឡាវ នៅទីស្តីការក្រសួង។

សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ពេញមួយឆ្នាំ២០២១ មាន ២ ៦៧០លើក ចំពោះចំនួនអ្នកស្លាប់បាត់បង់ជីវិត មានចំនួន១ ៤៩៧នាក់ និងអ្នករងរបួសមានចំនួន៣ ៦១៥នាក់។

តាមផ្នែកជំនាញបានរកឃើញពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២១នេះ ដោយសារការបើកបរដោយល្បឿនលឿនចំនួន៣៨ភាគរយ ការមិនគោរពសិទ្ធិ មានចំនួន២៤ភាគរយ ការមិនប្រកាន់ស្តាំមានចំនួន១៤ភាគរយ ការប្រជែងគ្រោះថ្នាក់មាន៨ភាគរយ បត់ឆ្វេង-ស្តាំមិនប្រយ័ត្នមាន៨ភាគរយ ស្រវឹង៤ភាគរយ កត្តាយានយន្តមាន៣ភាគរយ និង ងងុយមាន១ភាគរយ ។

សម្តេចក្រឡាហោម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាព តាមពាក្យស្លោករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសារអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករួមមាន៖

* ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍
* គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប
* បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់
* បើស្រវឹង សូមកុំបើកបរ
* គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ
* គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ
* ការពារជីវិតអ្នកត្រូវពាក់មួកសុវត្ថិភាព ៕សម្រួលដោយ ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង