KOICA បញ្ជូនអ្នកស្ម័គ្រចិត្ដជនជាតិកូរ៉េចំនួន ១៤ រូប ដើម្បីពង្រឹងសមត្ថភាព និងជួយបណ្ដុះបណ្ដាលដល់មជ្ឈមណ្ឌលយុវជននៅកម្ពុជា
ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) ប្រចាំនៅកម្ពុជាបានបញ្ជូនអ្នកស្ម័គ្រចិត្តជាជនជាតិកូរ៉េចំនួន ១៤ រូប មកកាន់ប្រទេសកម្ពុជាជាថ្មីកាលពីចុងសប្ដាហ៍ កន្លងទៅ ដែលអ្នកស្ម័គ្រចិត្តទាំងនេះ ជាក្រុមអ្នកស្ម័គ្រចិត្ត គម្រោងកសាងសមត្ថភាពមជ្ឈមណ្ឌលយុវជនកម្ពុជា ដែលត្រូវបានគាំទ្រដោយ KOICA និងដឹកនាំដោយសាកលវិទ្យាល័យ ស៊ុន ឆុនហ៉្យាង នៃសាធារណរដ្ឋកូរ៉េ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ KOICA។
បើតាម KOICA អ្នកស្ម័គ្រចិត្តគម្រោងនេះត្រូវបានជ្រើសរើសដើម្បីពង្រឹងសម្ថភាពមជ្ឈមណ្ឌលយុវជននៅកម្ពុជា ដែលក្រុមអ្នកស្ម័គ្រចិត្ដទាំងនេះ បានធ្វើការស្ម័គ្រចិត្តតាមអនឡាញនៅប្រទេសកូរ៉េអស់រយៈពេល ៤ខែមកហើយ ចាប់តាំងពី ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ហើយពេលនេះពួកគេអាចចាប់ផ្ដើមសកម្មភាពការងារដោយផ្ទាល់របស់ពួកគេនៅក្នុងប្រទេសកម្ពុជាបាន។ ក្រុមអ្នកស្ម័គ្រចិត្តគម្រោងនេះត្រូវបានបែងចែកជា ៦ក្រុម និងត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលជាតិ យុវជនកម្ពុជាខេត្តសៀមរាប មជ្ឈមណ្ឌលយុវជន ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ធំ តាកែវ និងខេត្តកណ្ដាល ដើម្បីអនុវត្តន៍សកម្មភាពនានានៅក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់យុវជននៅតាមមូលដ្ឋាន។
ក្រុមអ្នកស្ម័គ្រចិត្ដទាំងនេះ ក៏មានផែនការនៅក្នុងការបន្ដសកម្មភាពរបស់ពួកគេដែលមានដូចជា បង្កើត និងដំណើរការកម្មវិធីអប់រំផ្អែកលើយុវជន បណ្ដុះបណ្ដាល និងការកសាងសម្ថភាពយុវជនបង្គោល និងធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីសិទ្ធិរបស់យុវជន។ តាមរយៈសកម្មភាពទាំងនេះ ពួកគេរំពឹងថាប្រតិបត្តិការ និងមុខងាររបស់មជ្ឈមណ្ឌលយុវជន នឹងត្រូវបានធ្វើឱ្យសកម្ម ហើយសហគមន៍មូលដ្ឋាននឹងចូលរួមយ៉ាងសកម្មក្នុងការការពារយុវជន។
លោក Rho Hyun-Jun នាយកប្រចាំប្រទេសរបស់ ការិយាល័យ KOICA នៅកម្ពុជាបានមានប្រសាសន៍ថា “យើងកំពុងបញ្ជូនអ្នកស្ម័គ្រចិត្តផ្នែកគម្រោង ដើម្បីកសាងសហគមន៍ដែលរឹងមាំ ដែលគាំទ្រយ៉ាងសកម្មនូវសិទ្ធិជាមូលដ្ឋាន និងឱកាសសិក្សារបស់យុវជន ដែលនឹងក្លាយជាធនធានមនុស្សដ៏មានសក្តានុពលរបស់កម្ពុជា”។ លោកបានបញ្ជាក់ថា តាមរយៈអ្នកស្ម័គ្រចិត្តគម្រោងនេះ យើងសង្ឃឹមថាសមត្ថភាពរបស់មជ្ឈមណ្ឌលយុវជន ក្នុងប្រទេសកម្ពុជា នឹងត្រូវបានពង្រឹង ហើយកម្មវិធីប្រកបដោយនិរន្តរភាពនឹងត្រូវបានបង្កើតឡើង និងសម្រេចបានសម្រាប់យុវជនកម្ពុជា។
សូមជម្រាបជូនថា មជ្ឈមណ្ឌលយុវជនរបស់កម្ពុជា មានទីតាំងនៅតំបន់ចំនួន៦ ក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡា ប៉ុន្តែប្រព័ន្ធប្រតិបត្តិការរបស់ពួកគេមិនទាន់ដំណើរការពេញលេញនៅឡើយ ដោយសារកម្មវិធីប្រតិបត្តិការនៅមានកម្រិត ពុំមានគ្រូបង្ហាត់គ្រប់គ្រាន់ និងការផ្សព្វផ្សាយក្នុងតំបន់។ ជាមួយគ្នានេះ ការិយាល័យ KOICA ប្រចាំកម្ពុជា បានស្នើសុំ “គម្រោងកសាងសមត្ថភាពសម្រាប់មជ្ឈមណ្ឌលយុវជនជាតិ និងសាធារណកម្ពុជា” ដើម្បីពង្រឹងសមត្ថភាពមជ្ឈមណ្ឌលយុវជនចំនួន ៦ និងលើកកម្ពស់គុណភាពជីវិតរបស់យុវជន ដោយបញ្ជូនអ្នកស្ម័គ្រចិត្តគម្រោងដែលមានជំនាញផ្នែកអភិវឌ្ឍន៍យុវជន និងការអប់រំកុំព្យូទ័រ៕សម្រួលដោយ ទៀង បុណ្ណរី