ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យសមាគមអ្នកនាំចូលកូរ៉េ ចូលជួបពិភាក្សាការងារ
ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យលោក Gyuhwa JANG អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ ព្រមទាំងលោកស្រី Yu LIN ប្រធានក្រុមហ៊ុន GADOSH ចូលជួបសម្ដែងការគួរសម និងពិភាក្សាលើការនាំចូលស្វាយពីកម្ពុជា ព្រមទាំងឈ្វេងយល់បន្ថែម នូវសក្តានុពលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាលពីថ្ងៃ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូ និងមានប្រសាសន៍កោតសរសើរ ចំពោះទំនាក់ទំនងដ៏ល្អរវាងសមាគម និងក្រសួងពាណិជ្ជកម្ម នាពេលកន្លងមក។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ធុរជន និងវិនិយោគិនដែលមកវិនិយោគនៅកម្ពុជា និងបានគូសបញ្ជាក់បន្ថែមទៀតថា ក្រសួងពាណិជ្ជកម្មត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសម្របសម្រួលដល់ធុរជនដែលមកវិនិយោគនៅកម្ពុជា ជាពិសេសក្រសួងនឹងផ្តល់អនុសាសន៍ណែនាំឱ្យក្រុមហ៊ុនសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញបែបបទតាមនីតិវិធី។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ ជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្ម សក្តានុពលផ្សេងៗទៀតពីកម្ពុជា ដូចជាមៀន និងចេក ជាដើម បន្ថែមពីលើស្វាយ ព្រមទាំងលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េ មកបង្កើតរោងចក្រកែច្នៃ កសិផល ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិនានាផងដែរ។
ជាការឆ្លើយតប លោកអនុប្រធានសមាគម បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានស្វាគមន៍ និងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសមាគមអ្នកនាំចូលកូរ៉េ ។ លើសពីនេះទៀត លោកស្រីប្រធានក្រុមហ៊ុន GADOSH ក៏បានជម្រាបឯកឧត្តមរដ្ឋមន្រ្តី អំពីគោលបំណងក្នុងការនាំចូលស្វាយពីកម្ពុជាយ៉ាងហោចណាស់ ១ម៉ឺនតោន ក្នុងមួយឆ្នាំ ដើម្បីបំពេញតម្រូវការទីផ្សារកូរ៉េ៕សម្រួលដោយ ទៀង បុណ្ណរី