សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកសារព័ត៌មានចៀសវាងការផ្សាយព័ត៌មានបំភ្លៃការពិតដែលធ្វើឱ្យសាធារណជនបាត់បង់ជំនឿ

 ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យអ្នកសារព័ត៌មាន ចៀសវាងការផ្សាយព័ត៌មានបំភ្លៃការពិត ដែលធ្វើឱ្យសាធារណជនបាត់បង់ជំនឿ និងធ្វើឱ្យ ប៉ះពាល់ដល់តម្លៃ កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន និងតម្លៃរបស់សា្ថប័នសារព័ត៌ មានទាំងមូល។

ក្នុងសារលិខិតចេញផ្សាយថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាស«ទិវាសេរីភាពសារព័ត៌មានសកលលោក» សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញបេសកកម្មលើវីស័យព័ត៌មាន ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងនៅលើសកលលោក សូមយកចិត្តទុកដាក់អនុវត្តន៍ភារកិច្ចឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ និងខិតខំអភិវឌ្ឍន៍សមត្ថភាព របស់ខ្លួនបន្ថែមទៀត ទាំងផ្នែកជំនាញបច្ចេកទេស ទាំងការផលិតព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ដើម្បីបង្កើនជំនឿទុកចិត្តដល់សាធារណជន និងឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មានឌីជីថល ដើម្បីធ្វើការប្រកួតប្រជែងទីផ្សារឱ្យមានសក្តានុពលថែមទៀត។

សម្ដេចតេជោ ក៏បានកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះសា្ថប័ន សារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលបានខិតខំរួមចំណែកបំពេញ ការងារ ជូនប្រទេសជាតិនាពេលកន្លងមក ទោះបីរងផលប៉ះពាល់នៃវិបត្តិនយោបាយសកល វិបត្តិនៃ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល ដែលធ្វើឱ្យប៉ះពាល់ដល់ចំណូល របស់សា្ថប័នសារព័ត៌ មានក៏ដោយ ក៏បងប្អូនអ្នកសារព័ត៌មានបានខិតខំពុះពារជម្នះរាល់ឧបសគ្គ ក្នុងការចុះយកព័ត៌មាន និងស្វែងរកព័ត៌មានដែលបានកើត ឡើងទាំងនៅក្នុងប្រទេស និងនៅលើសកលលោក ដើម្បីធ្វើការចែករំលែក និងផ្សព្វផ្សាយព័ត៌មានជូនសាធារណៈជនបានយល់ដឹង អំពីបញ្ហានយោបាយ សេដ្ឋកិច្ច សង្គម និងបញ្ហាផ្សេងៗទៀត ដែលទាក់ទងទៅនឹងជីវភាពប្រចាំថ្ងៃ របស់ពួកគេ បានយ៉ាងរហ័សទាន់សភាពការណ៍ ជាពិសេសវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ការឆ្លង និងការចម្លង នៃជំងឺកូវីដ-១៩ ចូលសហគមន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានទទួលជោគជ័យជាបន្តបន្ទាប់ នាពេលកន្លងមក។

សម្ដេចតេជោ ក៏បានស្នើបងប្អូនអ្នកសារព័ត៌មាន បន្តចូលរួមអនុវត្តន៍ និងធ្វើការ ផ្សព្វ ផ្សាយនូវវិធានការបង្ការជំងឺឆ្លង់កូវីដ-១៩ របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ព្រមទាំង បន្តចូលរួមចាក់វ៉ាក់សាំងដូសជំរុញ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងដូសជំរុញ ទី៣ និងទី៤ ឱ្យបានគ្រប់ៗគ្នា។ ដោយឡែកសម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវទៅ ទទួលការចាក់វ៉ាក់សាំងដូសមូលដ្ឋាន ដួសទី១ និងដូសទី២។ ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជា ជម្រើសដ៏ល្អមួយគួបផ្សំជាមួយការអនុវត្តវិធានការ សុវត្ថិភាពរបស់ក្រសួងសុខាភិបាល ព្រម ទាំងការ ផ្លាស់ប្ដូររបៀបរស់នៅតាមគន្លងថ្មី អាចជួយការពារឱ្យប្រជាពលរដ្ឋយើងរួចផុតពីការឆ្លង ជំងឺកូវីដ-១៩ ដ៏កាចសាហាវ និងកាត់ផ្ដាច់ការឆ្លង និងការចម្លងរាលដាលក្នុងសហគមន៍នៅពេលដ៏ខ្លីខាងមុខ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង