ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធបើកសិក្ខាសាលាដម្បីពិគ្រោះយោបល់ ពីសេចក្ដីព្រៀងច្បាប់អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ដសញ្ញាណកម្ម នៅខេត្ដសៀមរាប
ខេត្តសៀមរាប ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២
នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលា ស្ដីពីសេចក្ដីព្រៀងច្បាប់អត្រានុកូលដ្ឋាន ស្ថិតិនុកូលដ្ឋាន និងអត្ដសញ្ញាណកម្ម ដែលសិក្ខាសាលានេះបានធ្វើឡើងនៅក្នុងខេត្ដសៀមរាប ក្នុងគោលបំណង ដើម្បីឱ្យភាគីពាក់ព័ន្ធនានា ជាពិសេសអ្នកអនុវត្តផ្ទាល់នៅថ្នាក់ក្រោមជាតិបានពិនិត្យ និងផ្តល់យោបល់ប្រកបដោយប្រសិទ្ធិភាពខ្ពស់ សម្រាប់ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។
ឧត្តមនាយត្តមសេនីយ៍សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់នេះ មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្តួចផ្តើមបង្កើតឡើងនូវផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ ដែលជាផែនការបែបទស្សន:វិស័យ សម្រាប់ផ្តល់ជាមគ្គុទេសក៍រយ:ពេលវែង លើការងារអត្តសញ្ញាណកម្ម ក្នុងគោលដៅធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។
ឯកឧត្ដម បន្ដថា គណ:កម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិររៀបចំក្របខ័ណ្ឌច្បាប់គឺជាកិច្ចការជាមូលដ្ឋានមួយក្នុងចំណោមកិច្ចការជាមូលដ្ឋានធំៗ ដើម្បីធ្វើជាគ្រឹះ នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ ស្តីពីអត្តសញ្ញាណកម្ម។ គណ:កម្មាធិការនេះ បានបង្កើតក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលមានលោកជំទាវចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ជាប្រធាន និងសមាសភាពមកពីក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីទីប្រឹក្សាច្បាប់អន្តរជាតិ នៃអង្គការផងដែរ។
នៅចុងឆ្នាំ២០១៩ សេចក្តីព្រាងបឋម នៃច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានរៀបចំហើយបានបន្តប្រជុំពិនិត្យពិភាក្សា និងកែសម្រួលជាបន្តបន្ទាប់រហូតសម្រេចបានសេចក្ដីព្រាងចុងក្រោយសម្រាប់ដាក់ជូនអង្គសិក្ខាសាលាពិគ្រោះយោបល់នាពេលនេះ។ ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនឹងកំណត់អំពីវិធាននានា ដើម្បីធានាការចុះបញ្ជីអត្រានុកូលដ្ឋាន និងការចុះបញ្ជីស្នាក់នៅក្លាយជាកាតព្វកិច្ចសម្រាប់មនុស្សទាំងអស់ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មនុស្សគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណតាមរយ:ការផ្តល់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល ជូនបុគ្គលគ្រប់រូប ដែលមានសញ្ជាតិខ្មែរ និងបុគ្គលទាំងឡាយណាដែលកើត ឬស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ការបង្កើតប្រព័ន្ធរួមអត្តសញ្ញាណប្រជាជនដែលភ្ជាប់ជាប្រព័ន្ធដោយការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីស្នាក់នៅ ការចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការចុះបញ្ជីលិខិតឆ្លងដែន ការចុះបញ្ជីសញ្ជាតិ និងចុះបញ្ជីផ្សេងៗទៀតពាក់ព័ន្ធនឹងអត្តសញ្ញាណរបស់មនុស្សម្នាក់ៗ។
ឯកឧត្ដម បានបន្ដថា តាមរយ:សិក្ខាសាលានេះ សិក្ខាកាមទាំងអស់បានស្ដាប់បទបង្ហាញអំពីខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងច្បាប់ព្រមទាំងបានពិនិត្យ និងផ្តល់យោបល់នានាពិសេសពាក់ព័ន្ធនឹងប្រព័ន្ធ នៃការចុះបញ្ជីអត្រានុកូលដ្ឋានការចុះបញ្ជីស្នាក់នៅ និងការចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៕សម្រួលដោយ ទៀង បុណ្ណរី