អំណោយរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋប្រមាណ ១ពាន់គ្រួសារ នៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
កំពង់ចាម៖ លោក ឧកញ៉ា ឡូវ ហ៉ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បាននាំអំណោយ សម្ភារៈ ថ្នាំពេទ្យ ប្រហុក និងថវិកាចំនួន ៥,០០០ដុល្លារ ដែលជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងភូមិបឹងទីង ឃុំទងត្រឡាច ប្រមាណ១០០០គ្រួសារ។
បើយោងតាមការគូសបញ្ជាក់របស់ លោក ចាស់ ជឿន មេឃុំទងត្រឡាច និងប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច បានចងចាំទុកជាប្រវត្តិសាស្រ្ត ចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តល់អំណោយដ៏ថ្លៃថ្លា ឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែ ប្រវែង ៧,៥០០ម៉ែត្រ និងទទឹង៧ម៉ែត្រ តភ្ជាប់ទៅផ្លូវជាតិលេខ៨ នៅក្នុងឃុំទងត្រឡាច។
លោក សីម គង់ អភិបាលស្រុកស្រីសន្ធរ ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋចូលរួមថែររក្សា និងការពារសមិទ្ធផលដែលបានកសាង ស្ថាបនាឡើងដើម្បីរក្សាទុកសម្រាប់ការប្រើប្រាស់ឱ្យបានយូរអង្វែង និងជាមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
ឧកញ៉ា ឡូវ ហ៉ឹង បានលើកឡើងថា ប្រជាពលរដ្ឋទាំងអស់សូមអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបាននាំសន្តិភាពពេញលេញជូនប្រជាពលរដ្ឋដោយបានរំដោះប្រជាពលរដ្ឋឱ្យរួចផុតពីសេចក្តីស្លាប់ក្នុងរបបដ៏ឃោរឃៅ ខ្មៅងងឹងត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ រហូតមកដល់ពេលនេះ ធ្វើឱ្យប្រទេសជាតិបានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ច ជាមធ្យម ៧ភាគរយ ក្នុងមួយឆ្នាំ ដែលធ្វើឱ្យការវិវឌ្ឍរីកចម្រើនប្រែមុខមាត់ថ្មីជាបណ្តើរសាកសមជា ប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឧកញ៉ា ឡូវ ហ៉ឹង ក៏បានលើកយកពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកបញ្ជាក់ជូនប្រជាពលរដ្ឋថា ក្រោមការដឹកនាំ និងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចបានខិតខំស្វះស្វែងរកវ៉ាក់សាំងមចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសទាំងមូល តាមរយៈការបញ្ជាទិញពីប្រទេសជាមិត្ត និងការទទួលជាជំនួយពីបណ្តាប្រទេសនានា ជាពិសេសវ៉ាក់សាំងពីប្រទេសចិន ដើម្បីបានចាក់ជូនប្រជាពលរដ្ឋទាន់ពេលវេលា ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានទាន់ពេលវេលា ដែលមានន័យថា នេះជាការសង្គ្រោះជីវិតពលរដ្ឋលើកទី២ បន្ទាប់ពីការរំដោះជាតិពីរបបវាលពិឃាតខ្មែរក្រហម។
ឧកញ៉ា ឡូវ ហ៉ឹង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងភូមិ និងសហគមន៍ បង្កើនការប្រុងប្រយ័ត្នឱ្យបានជាប់ចំពោះការរីករាលដាលនៃជំងឺកូវីដ១៩ គឺមិនត្រូវភ្លេចការអនុវត្តន៍វិធានការសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ជាដាច់ខាត បើទោះបីស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាលក៏ដោយ៕សម្រួលដោយ ទៀង បុណ្ណរី