ក្រសួងការងារ រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២២
ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២
ទិវាពលកម្មអន្ដរជាតិ ១ ឧសភា គឺជាព្រឹត្តិការ ណ៍ដ៏សំខាន់របស់កម្មករ និយោជិត ដែលត្រូវបានប្រារឰជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះត្រូវបានរាជរដ្ឋាភិបាលចេញនូវសារាចរណែនាំ និងសារលិខិតដើម្បីបំផុសលើកទឹកចិត្ត និងប្រគល់ភារកិច្ចជូនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត សហការជាមួយអង្គការវិជ្ជាជីវៈ ព្រមទាំងនិយោជកត្រូវរៀបចំពិធីសំណេះសំ ណាលជាមួយកម្មករនិយោជិត សហជីព និងតំណាងមន្រ្តីរាជការ គ្រូបង្រៀនក្នុងឱកាសអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ និងរម្លឹកខួបអនុស្សាវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ” ក្នុងទ្រង់ទ្រាយតូច និងតាមស្ថានភាពជាក់ស្តែង ហើយនិយោជកត្រូវស្វ័យរៀបចំក្នុងកម្រិតរោងចក្រ សហគ្រាស តាមស្ថានភាពជាក់ស្តែង។
ដោយឡែក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីចុងសប្ដាហ៍កន្លងទៅ បានរៀបចំពិធីអបអរសាទរនេះ ដោយមានការចូលរួមពីតំណាងអង្គការអន្តរជាតិខាងការងារ (ILO) តំណាងសមាគមនិយោជក តំណាងសហជីព និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអញ្ជើញជាអធិបតីនៅក្នុងពិធីនេះ មានប្រសាសន៍ថា ការប្រារឰខួបទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២២នេះ ស្របពេលដែលសភាពការណ៍ ប្រទេសជាតិយើងបានសម្រេចបានជោគជ័យដ៏ធំធេងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលយើងអាចគ្រប់គ្រងបានយ៉ាងល្អប្រសើរ ធ្វើឱ្យយើងអាចបើកដំណើរការគ្រប់សកម្មភាពសេដ្ឋកិច្ច-សង្គមយើងឡើងវិញ ប្រជាជនរស់នៅដោយក្តីសប្បាយរីករាយ តាមគន្លងប្រក្រតីភាពថ្មី ដែលយើងបានសប្បាយរីករាយបំផុតបន្ទាប់ពីអាក់ខានក្នុងការសប្បាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាងពីរឆ្នាំកន្លងទៅ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបាន និងកំពុងខិតខំ ក្នុងការជំរុញការស្តារសកម្មភាពសេដ្ឋកិច្ចជាតិឡើងវិញ និងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ដែលអាចធ្វើឱ្យប្រជាជនយើង រស់នៅប្រកបដោយសុខសុវត្ថិភាព ប្រកបរបរចិញ្ចឹមជីវិតតាមគន្លងប្រក្រតីភាពថ្មី។ រោងចក្រ សហគ្រាស អាចដំណើរការបានប្រកបដោយនិរន្តរភាព ធានាបាននូវសង្វាក់ផលិតកម្ម ផ្តល់មុខរបរនិងការងារ ប្រាក់ចំណូលជូនបងប្អូនកម្មករ និយោ ជិត ដែលយើងសង្ឃឹមថា សកម្មភាពសេដ្ឋកិច្ចគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ នឹងដំណើរការឡើងវិញពេញលេញ រួមចំណែកធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិយើង នឹងបន្តកើនឡើង ហើយបើតាមការប៉ាន់ស្មានក្នុងឆ្នាំ២០២២នេះកម្ពុជានឹងទទួលបានកំណើនសេដ្ឋកិច្ច ៤.៨ភាគរយ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនដៃគូពាក់ព័ន្ធ សមាគមនិយោជក អង្គការសហជីព កម្មករនិយោជិតថា ដើម្បីបន្តស្មារតីទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញរួចហើយនូវទិសដៅការងារ ដូចដែលបានកំណត់ក្នុងទិសដៅការងារសម្រាប់ឆ្នាំ២០២២ ដែលសន្និបាតបូកសរុបការងារក្រសួងបានសម្រេច រួមមាន៖
១-បន្តខិតខំអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង ១០ ចំណុច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
២-បន្តខិតខំលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើង ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ បន្តពង្រឹងយន្តការ អធិការកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។
៣-ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក។
៤-បង្កើនការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវបទបញ្ជាលេខ០១បប ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្តីពីការអនុវត្តផែនការ ស្តីពីការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា ឆ្នាំ២០២០-២០២៤ បទបញ្ជាលេខ០៣បប ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ ស្តីពីការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្ម វិធានការការពារទប់ស្កាត់កូដកម្ម បាតុកម្ម និងដោះស្រាយវិវាទដោយសន្តិវិធី និងស្របតាមនីតិវិធីច្បាប់ បទប្បញ្ញត្តិ និងអនុសញ្ញាអន្តរជាតិ ពាក់ព័ន្ធនឹងវិស័យការងារ។
៥-ជំរុញការអនុវត្តយន្តការអធិការកិច្ច និងធ្វើទំនើបកម្មការធ្វើអធិការកិច្ចការងារ តាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យា និងបន្តពង្រឹងការងារចុះអធិការកិច្ចអន្តរក្រសួង ស្ថាប័នដោយធ្វើអធិការកិច្ចការងារ និងកម្រិតហានិភ័យរបស់រោងចក្រ សហគ្រាសជាមូលដ្ឋាន ចំនួន ១លើក/ឆ្នាំ សំដៅធានាបាននូវវប្បធម៌អនុលោមភាព ធានាប្រសិទ្ធភាពគុណភាព និងតម្លាភាពក្នុងការផ្តល់សេវា ដោយដាក់រាល់សេវាទាំងអស់របស់ក្រសួង ទៅក្នុងថ្នាលបច្ចេកវិទ្យាព័ត៌មាន។
៦-បន្តពង្រឹងយន្តការដោះស្រាយវិវាទការងារ ឱ្យទទួលបានអត្រាសះជាឱ្យកាន់តែខ្ពស់ សំដៅឆ្លើយតបនឹងតម្រូវការភាគីវិវាទ និងដាក់ឱ្យដំណើរការសាកល្បងការដោះស្រាយវិវាទបុគ្គល ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ព្រមទាំងពង្រឹងការអនុវត្តសេរីភាពអង្គការវិជ្ជាជីវៈ ឱ្យបានត្រឹមត្រូវ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាតិជាធរមាន និងអនុសញ្ញាអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។
៧-បន្តប្រែក្លាយរោងចក្រ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយរបស់កម្មករនិយោជិត ដែលពោរពេញដោយសមត្ថភាព លក្ខខណ្ឌការងារល្អប្រសើរ ផលិតភាព ឥរិយាបថការងារ ការទទួលខុសត្រូវសង្គម និងមានសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ ដោយក្រសួងនឹងផ្តល់ជាវិញ្ញាបនបត្របញ្ជាក់ជូនរោងចក្រ សហគ្រាស ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខណៈវិនិច្ឆ័យ ៕សម្រួលដោយ ទៀង បុណ្ណរី