មូលនិធិកូកា-កូឡាបាននាំយកប៉មចម្រោះទឹកស្អាតជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋនៅខេត្តប៉ៃលិន
ប៉ៃលិន ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២
ដោយកិច្ចសហការជាមួយមូលនិធិ Planet Water មូលនិធិកូកា-កូឡា បាននាំមកនូវការដំឡើងប៉មចម្រោះទឹកស្អាត AquaTower និងម៉ាស៊ីនអនាម័យ AquaSan ទី៣៦ នៅវិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន ខេត្តប៉ៃលិន ដោយបានផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ ព្រមទាំងកម្មវិធីអប់រំសុខភាពអនាម័យ។ ការប្រគល់ប៉មចម្រោះទឹកស្អាតនេះ បានធ្វើឡើង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅវិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន ខេត្តប៉ៃលិន។
ជាមួយគ្នានេះដែរ ក្រៅពីទឹកស្អាតសម្រាប់បរិភោគ គម្រោង AquaTower ក៏ផ្តល់ជូនរៀន និងសហគមន៍ជនបទនូវកន្លែងលាងសម្អាតដៃ និងអនាម័យផងដែរ។ កន្លែងលាងដៃត្រូវបានបំពាក់ទៅនឹងតួប៉មចម្រោះទឹកស្អាត AquaTower នីមួយៗ ហើយបម្រើជាធនធានអនាម័យសំខាន់មួយដល់សាលារៀន ដោយកន្លែងលាងដៃនីមួយៗមានផ្តល់ជូនឧបករណ៍ដាក់សាប៊ូលាងដៃ និងបដាផ្ទាំងផ្សព្វផ្សាយអមដោយសារយល់ដឹងអំពីការលាងដៃ និងការអនុវត្តល្អបំផុតសម្រាប់អ្នកប្រើ ប្រាស់ប៉មនេះ។ គម្រោងនេះក៏មានកម្មវិធីអប់រំអនាម័យដោយអនុវត្តន៍ជាក់ស្តែងដល់សិស្សានុសិស្សផងដែរ។ កម្មវិធីនៅតាមសាលារៀន និងសហគមន៍ទាំងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអប់រំ និងផ្តល់សិទ្ធិអំណាចដល់កុមារ និងអ្នកថែទាំកុមារ ក្នុងការផ្លាស់ប្តូរគោលគំនិត និងអាកប្បកិរិយាចំពោះសុខភាពទឹក និងអនាម័យ។
ឯកឧត្តម ហែម ឬទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ កោតសរសើរនូវការយកចិត្តទុក ដាក់របស់ ក្រុមហ៊ុនកូកា-កូឡា ក្នុងការជួយជ្រោមជ្រែង ផ្គត់ផ្គង់ដល់សុខុមាលភាពទូទៅ ជាពិសេសបានផ្តល់ជូននូវប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ ដល់វិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន នាពេលនេះ ។ ឯកឧត្ដមក៏បានស្នើសុំឱ្យលោកនាយក លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស យកចិត្តទុកដាក់និងចូលរួមថែទាំប៉មចម្រោះទឹកស្អាត នេះជារបស់ខ្លួនយើងទាំងអស់គ្នា និងប្រើប្រាស់ប្រកបដោយនិរន្តរភាព យូរអង្វែង ។លោក Mark Steele ស្ថាបនិក និងជានាយកប្រតិបត្តិរបស់មូលនិធិ Planet Water បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដែលយើងបានទទួល និងបន្តទទួលបានពីអ្នកឧបត្ថម្ភ និងដៃគូសារជីវកម្មរបស់យើង រួមទាំងមូលនិធិកូកា-កូឡា ផងដែរ។ លោកបន្ថែមថា “ឥទ្ធិពលដែលយើងកំពុងបង្កើត មិនអាចវាស់បានដោយតួលេខនោះទេ តែតាមរយៈការនាំយកទឹកស្អាតទៅកាន់សហគមន៍ដែលខ្វះខាត ពួកយើងកំពុងធ្វើឱ្យប្រសើរឡើងនូវសុខភាព និងគុណភាពជីវិតសម្រាប់បុគ្គលរាប់ពាន់នាក់ ដែលឥឡូវនេះពួកគាត់អាចបង្វែរការយកចិត្តទុកដាក់របស់ពួកគេទៅកាន់ទិដ្ឋភាពផ្សេងទៀតនៃជីវិត ជំនួសឱ្យការនៅតែបន្តបារម្ភអំពីបញ្ហាប្រឈមនេះ”។សូមជម្រាបជូនផងដែរថា ចាប់តាំងពីឆ្នាំ២០១០ មក មូលនិធិកូកា-កូឡា បានបរិច្ចាគថវិកាជាង ១៣លានដុល្លារ ដល់កិច្ចសហប្រតិបត្តិការទឹកនានានៅក្នុងបណ្តាប្រទេសនានានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍៕សម្រួលដោយ ទៀង បុណ្ណរី