ប្រមុខការទូតកម្ពុជាថា កំណើនលំហូរនៃការវិនិយោគរបស់ម៉ាឡេស៊ីមកកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយ ករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កំណើនរំហូរនៃការវិនិយោគរបស់ប្រទេសម៉ាឡេស៊ីមកកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលវានឹងជួយជំរុញកំណើនសេដ្ឋកិច្ចនិង ផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសំដែងការគួរសម ជាមួយគណៈប្រតិភូសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ី (SMEs) ចំនួន ៥៣រូប នាក្នុងឱកាសដំណើរបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ។

បេសកកម្មធុរកិច្ចនេះ ត្រូវបានរៀបចំឡើងដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី រួមជាមួយនឹងសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ី ក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា (MBCC) និងសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី (MATRADE) ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី តាមរយៈការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដោយផ្តោតសំខាន់លើទំនុកចិត្ត និងផលប្រយោជន៍រួម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកំណើននៃលំហូរវិនិយោគរបស់ម៉ាឡេស៊ីមកកម្ពុជា ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ សុខាភិបាលនិងបច្ចេកវិទ្យា និងការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្នុងគោលដៅសម្របសម្រួល និងពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩។

យោងតាមទិន្នន័យពីក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសម៉ាឡេស៊ីឈរនៅលំដាប់ទី ៣ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដែលមានទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ជាមួយនឹងគម្រោងវិនិយោគសរុបចំនួន ១៦២ គម្រោង ស្មើនឹង ៣,២ ពាន់លានដុល្លារ។ ជាមួយគ្នានេះ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានទំហំប្រមាណ ៥០០ លានដុល្លារក្នុងឆ្នាំ២០២១ ដោយកើនឡើង ១៣ ភាគរយធៀបនឹងឆ្នាំ២០២០៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង