កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាគឺបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ជនពិការមិនឱ្យមានការរើសអើងជនពិការ

ឯកឧត្ដម ខៀវ កាញារីទ្ធ ថ្លែងថា កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាពាន រង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២នេះ គឺពិតជាមានសារសំខាន់ណាស់ដែលបានបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ជនពិការ មិនឱ្យមានការរើសអើងជនពិការ។ នៅក្នុងកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកទី២ ក្រោមពាក្យស្លោក “អរគុណសន្ដិភាព នាំមកនូវក្ដីសង្ឃឹម” នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នាសាលសន្និសីទចតុមុខ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន បានមានប្រសាសន៍ថា កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២ មិនមែនធ្វើឡើងដោយចៃដន្យនោះទេ កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងគោលបំ ណងលើកកម្ពស់តួនាទី និងតម្លៃរបស់ជនពិការក្នុងសង្គម ដើម្បីផ្ដល់ឱកាសដល់ពួកគាត់បានបង្ហាញនូវសមត្ថភាព និងទេពកោសល្យធ្វើយ៉ាងណាឱ្យពួកគាត់មានឱកាសកាន់តែច្រើនក្នុងការចូលរួមក្នុងសកម្មភាពសង្គមសំខាន់ៗជាច្រើន និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមត្ថភាពរឹងមាំ និងឯករាជ្យរបស់ជនពិការ ដើម្បីឱ្យពួកគាត់អាចសមាហរណ កម្មជាមួយសង្គមលើគ្រប់វិស័យ។       ឯកឧត្ដមបន្ដថា ថ្វីដ្បិតតែជនពិការមានពិការភាពក៏ពិតមែន ប៉ុន្តែទឹកចិត្ត និងឆន្ទៈរបស់ពួកគាត់មិនពិការឡើយ ពួក គាត់ក៏ជាធនធានមនុស្សដ៏សំខាន់ និងមិនអាចខ្វះបានក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។ ដូច្នេះយើងមិនត្រូវទុកជនពិការចោលនោះទេ យើងត្រូវការពារសិទ្ធិ និងសេរីភាពស្របច្បាប់របស់ពួកគាត់ ហើយផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចការអភិវឌ្ឍរបស់ពួកគាត់ផងដែរ។     សូមបញ្ជាក់ថា កម្មវិធីប្រឡងនេះគឺជាលើកទី២ហើយ នឹងផ្តល់ជូនជនពិការជ័យលាភី និងជនពិការដែលចូលរួមប្រកួតនូវឱកាសការងារ ក្រោយពេលចប់ការប្រឡង ហើយវគ្គផ្តាច់ព្រ័ត្របេក្ខជននឹងទទួលបានពាន និងប្រាក់រង្វាន់ទាំង អស់គ្នាតាមចំណាត់ថ្នាក់រៀងៗខ្លួន៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង