ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានថ្លែងថា ៖ សន្តិភាព មានតម្លៃដ៏លើសលប់នៅពេលដែល សង្រ្គាមចាប់ផ្តើមបញ្ចប់
ខេត្តកំពង់ចាម ថ្ងៃទី៣០ខែមេសា ឆ្នាំ២០២២
«សន្តិភាព មានតម្លៃដ៏លើសលប់នៅពេលដែលសង្រ្គាមចាប់ផ្តើមកើតទ្បើង។ គុណតម្លៃនេះប្រៀបបានទៅនឹងខ្យល់អុកស៊ីសែនដែលជាតម្រូវការចាំបាច់សម្រាប់ការរស់រានមានជីវិត ប៉ុន្តែជាធម្មតាគេមិនសូវជាចាប់អារម្មណ៍ និងឱ្យតម្លៃនោះទេ»
នេះជាការថ្លែង របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងគ្រាដែលអញ្ជើញ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តត្រពាំងអំពិល និងបើកការដ្ឋានស្ថាបនាផ្លូវបេតុង ០១ ខ្សែ ប្រវែង ៥ ០០០ ម៉ែត្រ ស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។
ឯកឧត្តម បានលើកឡើងថា សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជាបានប្តេជ្ញាធ្វើយ៉ាងណាថែរក្សាសនិ្តភាព ដែលរកមកបានដោយលំបាកនេះ ឱ្យនៅឋិតឋេរគង់វង្ស ជូនប្រជាពលរដ្ឋជាម្ចាស់ស្រុកបានយូរអង្វែងច្រើនជំនាន់ ឱ្យស័ក្តិសមទៅនឹងទំនុកចិត្តដែលបានផ្តល់ជូន។
ទន្ទឹមនឹងនេះ ក៏នឹងបន្តពង្រីកឱកាសសម្រាប់ជីវភាពចម្រុងចម្រើនថែមទៀតរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានយកគោលនយោបាយបង្រួបបង្រួមជាតិ និងការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋជាកត្តាចម្បងអាទិភាពខ្ពស់បំផុត ដែលសក្ខីភាពនេះបានបង្ហាញច្បាស់តាមរយៈភាពអង់អាចក្លាហានរបស់សម្តេចក្នុងការចូលរួមផ្តួលរំលំរបបប៉ុលពត ការចរចាបញ្ចប់សង្គ្រាមរុំារ៉ៃ នាំមកនូវសន្តិភាពពេញលេញ និងក្នុងដំណាក់កាលចុងក្រោយនេះ សម្តេចបានដឹកនាំ និងនាំមុខក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យគួរជាទីមោទនៈ។
ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះសមិទ្ធផលដែលបានកើតទើ្បងជាបន្តបន្តាប់នៅក្នុងទីអារាមនេះ និងសូមកោតសរសើរចំពោះការខិតខំដឹកនាំកៀរគរកម្លាំងសប្បុរសធម៌រួបរួមសាមគ្គីគ្នាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងនេះសម្រាប់ជាទីសក្ការៈ និងប្រើប្រាស់តាមគន្លងប្រពៃណីសាសនានៃយើង។ បច្ចុប្បន្ន បងប្អូនប្រជាពលរដ្ឋយើងមានជីវភាពរស់នៅកាន់តែល្អប្រសើរ ដូច្នេះយើងមានលទ្ធភាពធនធានគ្រប់គ្រាន់ ក្នុងការធ្វើបុណ្យធ្វើទានផ្សេងៗ និងចូលរួមកសាងសមិទ្ធផលបានច្រើន ជាឧត្តមប្រយោជន៍ក្នុងវិស័យសាសនា និងសង្គម ស្របតាមស្ថានភាពអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង។ បើយើងគិតពីចំនួនវត្តអារាមនៅទូទាំងប្រទេសរហូតដល់ជាង ៥ ០០០ វត្ត គឺរដ្ឋមិនមានលទ្ធភាពក្នុងការកសាងបានច្រើនសម្បូរបែបដូចនេះឡើយ ប៉ុន្តែដោយផ្អែកទៅលើវប្បធម៌នៃការចែករំលែករបស់ខ្មែរយើង និងការចូលរួមរបស់បងប្អូនពុទ្ធបរិស័ទ សប្បុរសជនទាំងក្នុងនិងក្រៅស្រុក ដែលមានជំនឿ និងសទ្ធាជ្រះថ្លាលើសាសនា ទើបអាចសម្រេចបានសមិទ្ធផលដ៏ថ្លៃថ្លាជាច្រើនដូចសព្វថ្ងៃនេះ៕សម្រួលដោយ ទៀង បុណ្ណរី