ម្ចាស់កសិដ្ឋានផ្ទះសំណាញ់ សម្រាប់ដាំបន្លែសុវត្ថិភាព ខេត្តមណ្ឌលគិរីជោគជ័យដាំឪឡឹកលឿងពូជជប៉ុនដែលទទួលបានទិន្នផលច្រើន

ម្ចាស់កសិដ្ឋានផ្ទះសំណាញ់ សម្រាប់ដាំបន្លែសុវត្ថិភាព ខេត្តមណ្ឌលគិរីជោគជ័យ ដាំឪឡឹកលឿងពូជជប៉ុនដែលទទួលបានទិន្នផលច្រើន ហើយត្រៀមផ្តល់បច្ចេកទេសដាំដុះទៅដល់កសិករផ្សេងទៀត ខណៈដែលបច្ចុប្បនុ្នដំណាំឪឡឹកលឿងពូជជប៉ុននេះកំពុងមានទីផ្សារល្អ ដោយមិនត្រឹមតែផ្គត់ផ្គង់ក្នុងខេត្តប៉ុណ្ណោះទេ គឺនាំចេញទៅខេត្តដទៃទៀត។

លោក មុយ រ៉ាដូ ម្ចាស់កសិដ្ឋានផ្ទះសំណាញ់ សម្រាប់ដាំបន្លែសុវត្ថិភាព និងជាកសិករដាំឪឡឹកលឿងរស់នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានប្រាប់វិទ្យុជាតិកម្ពុជាថា លោក បានចាប់របរដាំឪឡឹកលឿងពូជជប៉ុននេះ អស់រយ:ពេលជាង៤ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀត ខណៈដែលឈ្មួញខ្លះ បានចុះទៅទិញដល់ចម្ការតែម្តង។ លោកបន្តថា សម្រាប់ប្រជាកសិករដែលចង់ដាំឪឡឹកលឿងពូជជប៉ុនឱ្យ ទទូលបានផលល្អ ត្រូវសិក្សាបច្ចេកទេសដាំជាមុនសិន ទើបមិនខាតបង់ថវិកា។

លោកបានប្រាប់ពីបច្ចេកទេសដាំឪឡឹកលឿងពូជជប៉ុន ឱ្យទទួលបានផលល្អ ជាដំបូងកសិករ ត្រូវធ្វើការរៀបចំដី ភ្ជួររាស់មុនដាំ យើងត្រូវកាប់ឆ្ការ ដុតកាកសំណល់រុក្ខជាតិ ។ បន្ទាប់មកកាប់រណ្តៅជាជួរហាលចោលចំនួន ៥ ថ្ងៃ ទើបយកជីទៅច្របល់ដាក់ក្នុងរណ្តៅដាំតែម្តង ។ ចំពោះជី យើងលាយលាមកគោចំនួន ១ គីឡូកន្លះ ផេះកន្លះគីឡូ និងជីអ៊ុយរ៉េ និងលាយជីខ្មៅចំនួន៣ខាំដាក់ក្នុង ១ រណ្តៅ ។ របៀបបន្ទាប់យើងត្រូវកប់គ្រាប់ចំនួន ៦ គ្រាប់ ក្នុងមួយរណ្តៅ លុះដល់ពេលឪឡឹកចាប់ផ្តើមលូតលាស់ គេត្រូវដកដើមខ្លះចេញទុកតែដើមណាដែលថ្លោសរឹងមាំល្អ ៣ ដើមក្នុង ១ រណ្តៅ ។ ចំពោះរបៀបថែទាំវិញ :បន្ទាប់ពីដាំបានរយៈពេល ១៨ ថ្ងៃ យើងត្រូវថែមជីកែងមួយរណ្តៅ ២ស្លាបព្រាបាយរោយជុំវិញរណ្តៅដោយឱ្យឃ្លាតពីគល់បន្តិច ក្រោយពីការដាំរយៈពេលពី៦៥ថ្ងៃ ទៅ ៧០ថ្ងៃទើបអាចប្រមូលផលបាន និងក្នុងមួយហិកតាអាចទទួលបានទិន្នផលពីរ២០តោន ទៅ ៣០តោន ។ លោកបានបញ្ជាក់ថា ការខិតខំដាំដុះដំណាំសុវត្ថិភាពប្រភេទនេះ គឺដោយសារតែការស្រឡាញ់ចូលចិត្តផ្នែកកសិកម្ម និងគិតគូរខ្ពស់ពីសុខភាពអ្នកបរិភោគ ក៏ដូចជាចង់លើកស្ទួយវិស័យកសិកម្ម ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។

 « មូលហេតុដែលយើងចូលចិត្តដាំបន្លែផ្លែឈើទាំងអស់នឹង ពីព្រោះពួកខ្ញុំចូលចិត្ត បរិភោគ ដោយសារវាមានរសជាតិឆ្ងាញ់ និងយើងគិតគូរពីសុខភាពអ្នកបរិភោគនិងខ្លួនឯងផ្ទាល់ផងដែរ»។

លោកបានអំពាវនាវ ទៅកាន់អ្នកវិនិយោគអ្នកទាំងអស់ ប្រសិនបើមានចំណាប់អារម្មណ៍ផ្នែកកសិកម្មដាំបន្លែផ្លែឈើសុវត្ថិភាព អាចធ្វើការចូលរួមសហការគ្នា ដើម្បីរកប្រាក់ចំណូលសម្រាប់ខ្លួនឯង ក៏ដូចជារួមចំណែកលើកស្ទួយវិស័យកសិកម្មក្នុងប្រទេសកម្ពុជាបន្ថែមទៀត ។

សូមបញ្ជាក់ថា កសិដ្ឋានផ្ទះសំណាញ់ សម្រាប់ដាំបន្លែសុវត្ថិភាពនៅខេត្តមណ្ឌលគិរីនេះ គឺបានបង្កើតឡើងតាំងពីឆ្នាំ២០១៨ លើទំហំផ្ទៃដី២០ហិកតា។ ក្នុងនោះ មានដូចជា៖ ឪឡឹកលឿង ការ៉ុត ដំឡូងបារំាង ដំឡូងជ្វា ឆៃថាវ ប៉េងប៉ោះ ត្រសក់ ស្ពៃក្ដោប និងស្ពៃបូកគោជាដើម៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង