ទាហានខ្មែរ និង ទាហានឈុតខ្មៅថៃជួបពិភាក្សាគ្នា ប្តេជ្ញារួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែន ពិសេសពលរដ្ឋឆ្លងដែនទៅមក
ខេត្តបន្ទាយមានជ័យ៖ ទាហានខ្មែរ ១ក្រុម និងទាហានឈុតខ្មៅថៃ ១ក្រុម បានជួបពិភាក្សាគ្នា ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងរួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសពលរដ្ឋឆ្លងដែនទៅមករកការងារធ្វើ។
ជំនួបនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចមាត់អូរព្រំដែនដីថៃ ស្ថិតក្នុងភូមិគុតហ៉ីន ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ចំណែកភាគីខ្មែរទល់មុខភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
បើតាមលទ្ធផលជំនួប កិច្ចពិភាក្សាគ្នានោះ ផ្តោតទៅលើការទប់ស្កាត់ការលួចឆ្លងដែនតាមច្រករបៀងរបស់ពលករខ្មែរ និងប្រជាជនថៃ ឆ្លងដែនមកធ្វើការនៅក្រុងប៉ោយប៉ែត ព្រោះប្រទេសថៃ នៅតែធ្វើការទប់ស្កាត់កូវីដ១៩ នៅឡើយ ខណៈរោងចក្រថៃត្រូវបិទ ហើយរហូតមកដល់សព្វថ្ងៃនេះប្រទេសថៃមិនទាន់ដំណើរការដូចមុននោះទេ ព្រោះកូវីដ១៩ មិនទាន់បានធូរស្បើយ។ ប្រជាជនថៃ នៅតែមានការប្រុងប្រយ័ត្នទាំងអស់គ្នាជានិច្ច ពោលគឺអ្វីៗមិនទាន់ដំណើរការ នៅឡើយទេ ដូច្នេះពលករខ្មែរទាំងអស់ចង់មកធ្វើការនៅថៃ ងាយនឹងចាញ់បោកមេខ្យល់។
លទ្ធផលជំនួប បានឲ្យដឹងទៀតថា សព្វថ្ងៃនេះ សមត្ថកិច្ចថៃធ្វើការទប់ស្កាត់ពលករខ្មែរ ដែលលបលួចចូលឆ្លងដែនទៅធ្វើការក្នុងប្រទេថៃខុសច្បាប់ខ្លាំងសំបើមណាស់ ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
សូមជម្រាបថា ប្រជាពលរដ្ឋខ្មែរជាច្រើនពាន់គ្រួសារ ក្រោយពីចេញពីប្រទេសថៃមកលេងបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះរួចរាល់ហើយ បានបុកសម្រុកទៅរកការងារធ្វើនៅប្រទេសថៃ ១ថ្ងៃៗខ្ទង់រាប់រយនាក់តាមរយៈមេខ្យល់ឆ្លង ដែនខុសច្បាប់ ភាគច្រើនមិនជោគជ័យតាមបំណងទេត្រូវ ប្រឈមនឹងគេចាប់បញ្ជូន ត្រឡប់មកវិញ ក៏នៅតែប្រថុយ អស់ទាំងប្រាក់ ខាតទាំងពេលវេលា ខណៈអ្នកខ្លះត្រូវសមត្ថកិច្ចថៃចាប់ដាក់គុកបន្ត ថែមទៀតផង៕សម្រួលដោយ ទៀង បុណ្ណរី