ផ្ទះពលរដ្ឋជាង១០០ខ្នង នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រងការខូតខាតដោយសារខ្យល់កន្ត្រាក់
បន្ទាយមានជ័យ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២
ផ្ទះប្រជាពលរដ្ឋប្រមាណចំនួន១១០ខ្នង នៅក្នុងមូលដ្ឋានមួយចំនួនរបស់ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ បានទទួលរងការខូចខាតធ្ងន់ ស្រាល ដោយសារតែការវាយប្រហារពី ខ្យល់កន្ត្រាក់ ខណៈមានភ្លៀងធ្លាក់លាយឡំនឹងផ្គររន្ទះ កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ។ លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះថា គ្រោះមហន្តរាយធម្មជាតិខ្យល់កន្ត្រាក់ ដែលបានកើតមានឡើងកាលពី ព្រលប់ថ្ងៃទី២៨ ខែមេសានេះ បានប៉ះមកលើភូមិចំនួន៣ ក្នុងស្រុកម៉ាឡៃ ដែលរងផលប៉ះពាល់ក្នុងនោះដូចជាភូមិបឹងជង្រុកតេជោ ឈ្នះ-ឈ្នះ ភូមិតាគង់ ភូមិទួលពង្រ ឋិតនៅក្នុងឃុំទួលពង្រ ដែលមានសរុប១១០ខ្នងផ្ទះ ប៉ុន្តែមិនមានប្រជាពលរដ្ឋណាម្នាក់ ទទួលគ្រោះថ្នាក់ដល់អាយុជីវិតឬរងរបួសនោះទេ។
ក្នុងនោះនៅភូមិទួលពង្រសរុបចំនួន ៥១ខ្នងផ្ទះ ខូចធ្ងន់ចំនួន ១១ខ្នងផ្ទះ និងស្រាលចំនួន ៤០ខ្នងផ្ទះ នៅភូមិតាគង់ចំនួន ៤ខ្នងផ្ទះ រងការខូចខាតធ្ងន់ធ្ងរចំនួន ១ខ្នងផ្ទះ។ ដោយឡែកនៅក្នុងភូមិបឹងជង្រុកតេជោ ឈ្នះ-ឈ្នះ រងផលប៉ះពាល់ចំនួន ៥៥ខ្នងផ្ទះ។
លោកអភិបាលស្រុកម៉ាឡៃបានឱ្យដឹងទៀតថា ក្រោយកើតហេតុនេះភ្លាមអាជ្ញាធរមូលដ្ឋានរួមជាមួយកងកម្លាំងសមត្ថកិច្ចទាំងអស់ បានចុះជួយរុះរើនិងជួយជួសជុល សាងសង់ផ្ទះជូនពួកគាត់វិញជាបណ្ដើរៗហើយ និងបានជួយឧបត្ថម្ភដល់ពួកគាត់ដែលរងផល ប៉ះពាល់ដោយខ្យល់កន្ត្រាក់នោះដូចជាស័ង្កសី អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ដើម្បីចូលរួមចំណែកជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ពួកគាត់ ក្នុងគ្រាដែលកំពុងជួបការលំបាកនេះឱ្យបានទាន់ពេលវេលានោះ៕សម្រួលដោយ ទៀង បុណ្ណរី