លោកជុំទាវ ឱ វណ្ណឌីនមានប្រសាសន៍ថា៖ សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អាទិភាពខ្ពស់ណាស់ សម្រាប់កម្មករកម្មការិនី តាមរយៈការយកវ៉ាក់សាំងកូវីដ១៩ ចាក់ដល់ក្នុងរោងចក្រតែម្ដង
ខេត្តកណ្ដាល៖ លោកជុំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់អាទិភាពខ្ពស់ណាស់ សម្រាប់កម្មករកម្មការិនី ក្នុងចំណោមអាទិភាពទាំង៣ នៅពេលដែលរាជរដ្ឋាភិបាលកំពុងជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ។
លោកជុំទាវ ឱ វណ្ណឌីន ក្នុងឱកាសចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំង នៅរោងចក្រក្នុងសួនឧស្សាហ៍កម្មសំរោងធំ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ការផ្ដល់អាទិភាពនេះ គឺសម្ដេចបានណែនាំឲ្យក្រុមការងារចាក់វ៉ាក់សាំង ពិសេសគណៈកម្មការចំពោះកិច្ច ត្រូវយកវ៉ាក់សាំងនេះចាក់ជូនកម្មករកម្មការិនី ដល់ក្នុងរោងចក្រផ្ទាល់តែម្ដង។
បើតាមលោកជុំទាវ ប្រធានគណៈកម្មការចំពោះកិច្ច ការយកវ៉ាក់សាំងដល់ក្នុងរោងចក្រនេះ គឺជាចលកមួយដ៏សំខាន់ក្នុងការរុញកំណើនអត្រាអ្នកចាក់វ៉ាក់សាំងដូសជំរុញ ឲ្យកាន់តែកើនឡើងខ្ពស់បន្ថែមទៀត។ លោកជុំទាវបានអះអាងថា តាមការសង្កេតមើលនៅពេលចុះពិនិត្យជាក់ស្ដែង កម្មករ កម្មការិនីភាគច្រើន បានចាក់ដូសទី៣រួចរាល់ ពោលនៅពេលនេះភាគច្រើនអ្នកដល់វេនត្រូវចាក់ដូសទី៤។
លោកជុំទាវ ឱ វណ្ណឌីន បានបន្ថែមទៀតថា ក្រៅពីការយកចិត្តទុកដាក់គិតគូរដល់សុខមាលភាពកម្មករ កម្មការិនីហើយនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យរៀបចំចាក់វ៉ាក់សាំងនៅតាមទីផ្សារ និងគ្រឹះស្ថានសិក្សាអប់រំ ផ្សេងផងដែរ សំដៅធ្វើយ៉ាងណាឲ្យភាពស៉ាំសហគមន៍កាន់តែរឹងមាំបន្ថែមទៀត គ្រាដែលរាជរដ្ឋាភិបាលបានដកចេញនូវកាតព្វកិច្ចមួយចំនួន ពិសេសកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ។
ក្នុងនាមជាមន្ដ្រីជំនាញសុខាភិបាល លោកជុំទាវ ឱ វណ្ណឌីន បានមើលឃើញថា វ៉ាក់សាំងដូសជំរុញនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានាដល់និរន្ដរ៍ភាពនៃការរស់នៅប្រចាំថ្ងៃ និងកុំឲ្យវិលត្រឡប់ដូចកាលពីពេលកន្លងទៅ។
ជាថ្មីម្ដងទៀត លោកជុំទាវ ឱ វណ្ណឌីន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលដល់ពេលកំណត់ត្រូវចាក់វ៉ាក់សាំងដូសជំរុញ ឲ្យបានគ្រប់ៗគ្នា ដើម្បីពង្រឹងភាពស៉ាំសហគមន៍ ទប់ស្កាត់ជំងឺកូវីដ១៩។សម្រួលដោយ ទៀង បុណ្ណរី