ឯកឧត្តម ហឿ ស៊ីយ៉ែម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារ សិក្សា សាលាមត្តេយ្យសហគមន៍ នៅស្រុកសំបូរ
ក្រចេះ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២
ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាសាលាមត្តេយ្យសហគមន៍ថ្មីចំនួន៩ខ្នង ស្មើនឹង១៤បន្ទប់ ជាអំណោយរបស់អង្គការ ឆាលហ្វាន់កម្ពុជា ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកសំបូ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ ។
សាលាមតេយ្យទាំង៩ខ្នង ដែលបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសាលាមតេយ្យសហគមន៍ឃុំរលួសមានជ័យ ស្រុកសំបូរ ដែលមាននៅក្នុងភូមិរលួស ១ខ្នង, ភូមិប៉ាក្លែរលើ ១ខ្នង, ភូមិប៉ាក្លែរក្រោម ១ខ្នង, ភូមិស្រែឈូក ១ខ្នង, ភូមិស្រែពើក ១ខ្នង, ភូមិអូរ អណ្តែង ១ខ្នង, ភូមិស្រែបឹង ១ខ្នង, ភូមិប៉ាថា ១ខ្នង, និងភូមិសែនជ័យ ១ខ្នង ។
លោក ចាន់ ណារិន ប្រធានកម្មវិធីអភិវឌ្ឍអង្គការ ឆាលហ្វាន់កម្ពុជា បានឱ្យដឹងថា អង្គការឆាលហ្វាន់កម្ពុជា ជាការិយាល័យតំណាងរបស់អង្គការ ឆាលហ្វាន់អូស្ត្រាលី ដែលជាសមាជិកសម្ព័ន្ធអង្គការពិភពលោ កដែលមានសមាជិកចំនួន១២អង្គការ ចូលរួមជាមួយគ្នា ជាស្ថាប័នអន្តរជាតិមួយ ដែលយកចិត្តទុកដាក់ខ្លាំងលើកុមារ និងធ្វើការនៅក្នុងប្រទេសចំនួន ៧០ នៅលើសកលលោក ដែលផ្តល់ឱកាសឱ្យកុមារប្រហែល ២៣លាននាក់ បានចូលរៀនប្រកប ដោយគុណភាព ។ តាមរយៈកម្មវិធីអប់រំជាច្រើន ដែលបានអនុវត្តកន្លងមក យើងបានជួយជំរុញកុមារនៅតាមតំបន់ដាច់ស្រយាល ឱ្យទទួលបានការសិក្សារៀនសូត្រប្រកបដោយសមភាព និងគុណភាព ។
លោកប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការ ឆាលហ្វាន់កម្ពុជា បានបញ្ជាក់ថា វិស័យអប់រំជាវិស័យចម្បងរបស់ឆាលហ្វាន់ ដែលបានវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ការ សាងសង់សាលារៀនថ្មី ការជួសជុលសាលារៀនចាស់ ការសាងសង់បណ្ណាល័យទំនើប ដែលមានបំពាក់សៀវភៅ និងសម្ភារផ្សេងៗសម្រាប់បម្រើឱ្យការរៀននិងបង្រៀន ការសាងសង់បង្គន់អនាម័យ ប្រព័ន្ធទឹកស្អាត សួនកម្សាន្ត កន្លែងសម្អាតលាងដៃ ផ្តល់អាហារូបករណ៍ដល់សិស្សដែលមានជីវភាពខ្វះខាត និងផ្តល់មធ្យោបាយធ្វើដំណើរដល់សិស្សនៅឆ្ងាយពីសាលា ដើម្បីឱ្យពួកគេបានចូលសិក្សា បន្តការសិក្សា និងបញ្ចប់ការសិក្សា បំពេញក្តីប្រាថ្នារបស់ពួកគេទៅតាមសក្តានុពលរៀងៗខ្លួន ។
ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា អង្គការ ឆាលហ្វាន់ កម្ពុជា បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំ ពិសេសគឺជួយដល់វិស័យអប់រំនៅខេត្តក្រចេះ ទោះក្នុងកាលៈទេសៈជួបនូវវិបត្តិជំងឺកូវីដ-១៩ ក៏អង្គការឆាល់ហ្វាន់កម្ពុជា នៅតែបន្តអនុវត្តគម្រោងកម្មវិធី និងប្រគល់សាលាជូន នៅតាមសហគមន៍ដូចសាលាមត្តេយ្យដែលយើងបានសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ ។
ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល គឺជាដៃគូដ៏សំខាន់នៅក្នុងការជួយបំពេញនូវចន្លោះខ្វះខាត នៃការអភិវឌ្ឍរបស់សហគមន៍ និងប្រទេសជាតិ ។ សមិទ្ធផលដែលបានដាក់សម្ពោធថ្ងៃនេះ គឺជាការបញ្ជាក់ពីការប្តេជ្ញាគាំទ្រ និងលើកកម្ពស់គុណភាពអប់រំចំពោះកុមារនៅទីជនបទនៃប្រទេសកម្ពុជា និងឱ្យស្រមទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអាទិភាពនៃការអភិវិឌ្ឍ។
ឯកឧត្តម ហឿ ស៊ីយ៉ែម បានអះអាងថា យើងមានសមិទ្ធផល និងការរីកចម្រើនដូចសព្វថ្ងៃនេះ គឺទទួលបានពីកត្តាសុខសន្តិភាព ដែលមិនអាចកាត់ថ្លៃបាន ក្រោមការដឹកនាំរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ដែលខិតខំស្វែងរកសន្តិភាព និងដៃគូមកកសាងអភិវឌ្ឍន៍ប្រទេសជាតិ ។ ឯកឧត្ដមបញ្ជាក់ថា យើងទាំងអស់គ្នាមានកាតព្វកិច្ចថែរក្សា និងការពារនូវសមិទ្ធផលដែលកើតមាននៅក្នុងសហគមន៍ និងធានាការពារសន្តិភាពឱ្យបានគង់វង្ស ៕សម្រួលដោយ ទៀង បុណ្ណរី