អង្គការ WWF ប្រទះឃើញសត្វខ្លារខិនញី១ក្បាលដ៏កម្រ ដែលជិតផុតពូជលើលោក នៅខេត្តមណ្ឌលគិរី

ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២

ប្រភពពីអង្គការ WWF បានឱ្យដឹងនៅរសៀលថ្ងៃ១២រោច ខែចត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ថា ក្រុមអ្នកជំនាញស្រាវជ្រាវសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអង្គការ WWF បានផ្តល់សេចក្តីរាយការណ៍ ពីលទ្ធផលនៃការតាមដានសត្វព្រៃនៅក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត ត្រឹមខែមេសា ឆ្នាំ២០២២ ដោយបានបញ្ជាក់ពីវត្តមានរបស់សត្វខ្លារខិនញី ១ក្បាល តាមរយៈរូបថតដ៏កម្រ ដែលថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ។

លទ្ធផលនៃការតាមដានសត្វព្រៃនេះ ក៏បានបង្ហាញផងដែរពីវត្តមា ននៃពពួកសត្វក្រចកជើងចំពាម រួមមាន៖ សត្វប្រើស ដែលជាប្រភេទសត្វកម្រ សត្វជ្រូកព្រៃ សត្វឈ្លូស ក៏ដូចជាសត្វស្លាប និងសត្វស្វាក្តាមផងដែរ។ សត្វខ្លារខិន ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថា ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ហើយចំនួនវាត្រូវបានបាត់បង់ពីទីជម្រក ដែលវាធ្លាប់រស់នៅ នៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ តំបន់ព្រៃទេសភាពខ្ពង់រាប ក្នុងប្រទេសកម្ពុជា ជាទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វខ្លារខិននេះដែរ។ អ្នកវិទ្យាសាស្ត្រជឿថា នៅសេសសល់ចំនួនតិចតួចបំផុត។ ទោះជាយ៉ាងនេះក្តី សត្វមសាសីដ៏កម្របំផុតមួយប្រភេទនេះ កំពុងបន្តទទួលរងការគំរាមកំហែង និងការផុតពូជដោយសារវិបត្តិអន្ទាក់ដែលបានរាលដាលឡើងដោយការជួញដូរសត្វព្រៃខុសច្បាប់។ សត្វខ្លារខិនអាចប្រឈមមុខនឹងជោគ វាសនាដូចគ្នានឹងសត្វខ្លាធំ ដែលបានផុតពូជទៅហើយ ដោយហេតុថា ចំនួននៅសេសសល់ដ៏តិចតួចបំផុតរបស់វានៅក្នុងប្រទេសកម្ពុជា កំពុងប្រឈមនឹងហានិភ័យខ្ពស់ នៃការជាប់អន្ទាក់ដែលបានលាក់បង្កប់ខ្លួនយ៉ាងស្ងៀមស្ងាប់នៅក្នុងជម្រកព្រៃ ហើយរង់ចាំស្ទាក់ចាប់ និងសម្លាប់សត្វគ្រប់ប្រភេទទាំងអស់រួមទាំងសត្វខ្លារខិន សត្វក្រចកជើងចំពាម និងសត្វព្រៃផ្សេងៗទៀត ដោយមិនរើសមុខឡើយ។

ដើម្បីដោះស្រាយវិបត្តិនេះ ទាមទារឱ្យតួអង្គសំខាន់ៗ នៃស្ថាប័នរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិ ជាដៃគូក្នុងវិស័យបរិស្ថាន បានបើកយុទ្ធនាការ «អន្ទាក់សូន្យ ក្នុងតំបន់ការពារធម្មជាតិកម្ពុជា» កាលពីដើមខែមីនាឆ្នាំ២០២២ កន្លងទៅ ដោយបានប្តេជ្ញាចិត្តរួមគ្នាបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីការពារអនាគតប្រជាជន និងការរស់រានរបស់សត្វព្រៃកម្ពុជា ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង