ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចប្រជុំ ណែនាំស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាពនិង សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥
កំពង់ធំ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២
នារសៀលថ្ងៃ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្តកំពង់ធំ ( គ.ស.អ) បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំ ស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។
ឯកឧត្តម ងួន រតនៈ បានបង្ហាញពីគោលបំណង នៃកិច្ចប្រជុំថ្ងៃនេះគឺ ដើម្បីផ្សព្វផ្សាយផែនការការពារការបោះឆ្នោត របស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតនៅខេត្តកំពង់ធំ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្ថិតក្នុងការធានាបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ជូនភាគីចូលរួមការបោះឆ្នោតនៅទូទាំងខេត្ត។ មានការជឿទុកចិត្តពីតំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងអស់ នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាពិសេសគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្ត/ឃុំ/សង្កាត់ អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ ឱ្យបានជ្រួតជ្រាបយល់ដឹងទាំងអស់គ្នា អំពីផែនការការពារ ក៏ដូចជាការអនុវត្តការបោះឆ្នោតនៅពេលខាងមុខ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២។
ឯកឧត្តម ក៏បានលើកឡើងថា ដើម្បីធ្វើការផ្សព្វផ្សាយនេះឱ្យបាន គ្រប់ទីកន្លែងទាំងអស់លើកឡើងពីបញ្ហាសំណូមពរផ្សេងៗ ដើម្បីធានាយ៉ាងណាឱ្យក្នុងខេត្តកំពង់ធំយើង ធានាបាននូវការបោះឆ្នោតប្រកបដោយភាពរលូន ត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នា ប្រជាពលរដ្ឋទៅបោះឆ្នោតមិនមានការភ័យខ្លាច។ ដើម្បីឆ្លើយតបដោយរលូនតាមការគ្រោងទុក តាមការចង់បានរបស់គណៈកម្មការរៀបចំការបោះឆ្នោត សំណូមពរដល់សមាជិកសមាជិកា ទាំងអស់ធ្វើយ៉ងណាបង្កើននូវភាពសហការគ្នាឱ្យបានល្អ៕សម្រួលដោយ ទៀង បុណ្ណរី