រដ្ឋមន្ត្រីក្រសួងការងារថា ការវិនិយោគរបស់ក្រុមហ៊ុនឯកជន បានជួយឱកាសរកការងារ ជូនដល់ពលរដ្ឋកម្ពុជា

 ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២

​រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានថ្លែងថា ការវិនិយោគរបស់ក្រុមហ៊ុនមួយចំនួនដូចជា ក្រុមហ៊ុន CP នៅកម្ពុជា ពិតជាបានចូលរួម អភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច បង្កើតមុខរបរថ្មី ឱកាសការងារ ជូនដល់ពលរដ្ឋកម្ពុជា។​ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារបែបនេះ ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយ លោកPreeda Chunwong អគ្គនាយករង C.P នៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នាទីស្តីការក្រសួងការងារ។

​ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្រុមហ៊ុន C.P មិនត្រឹមតែ ចូលរួមនៅក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជានោះទេ ក្រុមហ៊ុនក៏បានផ្តល់ការងារជូនដល់ ពលករកម្ពុជាបានយ៉ាងច្រើនទាំងនៅក្នុងស្រុក និងផ្តល់ឱកាសការងាររបស់ក្រុមហ៊ុនដល់ ពលករកម្ពុជានៅក្នុងប្រទេសថៃថែមទៀត។

​ដោយឡែកលោក Preeda Chunwong អគ្គនាយករង C.P នៅកម្ពុជា បានថ្លែងថា ក្រុមហ៊ុនរបស់លោក មានវត្តមាននៅក្នុងប្រទេសកម្ពុជា ចំនួន២៦ឆ្នាំមកហើយ ដំណើរការ ដ៏ជោគជ័យនេះ ក៏ដោយសារបានទទួលការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទើបក្រុមហ៊ុនមានដំណើរការអាជីវកម្មរីក ចម្រើនមកទល់បច្ចុប្បន្ននេះ។

​ក្នុងពិធីនេះដែរ លោកក៏ បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី ពីការទទួលពលករកម្ពុជា ទៅបម្រើការងារជូនក្រុមហ៊ុននៅប្រទេសថៃ ដោយបច្ចុប្បន្នក្រុមហ៊ុនមានពលករខ្មែរ ដែលកំពុងធ្វើការនៅទីនោះ ប្រមាណជាង១ម៉ឺននាក់ កន្លងមកពលករកម្ពុជាដែលបានធ្វើការ នៅថៃ គឺមានភាពស្មោះត្រង់ អត់ធ្មត់នឹងការងារ ដូច្នេះក្រុមហ៊ុន ត្រូវការពលករកម្ពុជា ចំនួន២ពាន់នាក់បន្ថែមទៀត ដើម្បីជួយការងាររបស់ក្រុមហ៊ុន។​ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញក្តីសាទរ ដែលខាងក្រុមហ៊ុនបានបញ្ជាទិញកសិផល ពីប្រជាកសិករខ្មែរ ទាំងនេះចាត់ទុកជាទីផ្សារមួយដ៏សំខាន់ ជួយដោះស្រាយជីវភាពរបស់ ពួកគាត់បានប្រសើរមួយកម្រិត។

ឯកឧត្តមបានលើកទឹកចិត្តដល់ក្រុមហ៊ុនគួរ បង្កើនភាព ជាដៃគូ ដោយធ្វើការបញ្ជាទិញកសិផលពីកសិករខ្មែរឱ្យបានកាន់តែច្រើនបន្ថែមទៀត ព្រោះវា មានន័យណាស់សម្រាប់សេដ្ឋកិច្ច។​ចំពោះក្រុមហ៊ុន CP ដែលត្រូវការកម្លាំងពលកម្ម ចំនួន២ពាន់នាក់ សម្រាប់បម្រើ ការងារជូនដល់ក្រុមហ៊ុននៅប្រទេសថៃ ឯកឧត្តមរដ្ឋមន្ត្រី ឯកភាពចំពោះសំណើនេះ ដោយអនុវត្តន៍តាមអនុស្សរណៈនៃការយោគយល់គ្នា ដែលប្រទេសយើងទាំងពីរបាន ធ្វើជាមួយគ្នាកន្លងមកនោះ។​

ឯកឧត្តម អ៊ិត សំហេង លើកឡើងថា គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នឹងបញ្ជូនក្រុមការងារបច្ចេកទេស ទៅបំពេញបេសកកម្មនៅព្រះរាជាណាចក្រថៃឡង់ដ៍ ដើម្បីបន្តសុពលភាពប័ណ្ណពលករកម្ពុជា ធ្វើការនៅបរទេស (OCWC) និងលិខិតធ្វើដំណើរ (TD)។ ដូច្នេះប្រសិនជាពលករកម្ពុជាដែល កំពុងស្នាក់នៅ និងធ្វើការនៅក្រុមហ៊ុនដែលផុតសុពលភាព ឬសុពលភាពនៅសល់ក្រោម ៦ខែ អាចដាក់ពាក្យស្នើសុំបន្តសុពលភាពតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់នាយកដ្ឋាន មុខរបរនៃក្រសួងការងារថៃ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង