អំណោយមនុស្សធម៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានបន្តចែកជូនពលរដ្ឋជនងាយរងគ្រោះ៦៧គ្រួសារ ដែលមានជីវភាពខ្វះខាតលំបាក ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
(ត្បូងឃ្មូំ)៖ ដើម្បីសម្រាលការលំបាករបស់ពលរដ្ឋងាយរងគ្រោះបំផុត នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់ជនងាយរងគ្រោះចំនួន ៦៧គ្រួសារ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលត្រូវបានធ្វើឡើងនៅបរិវេណវត្តកោងកាង ក្នុងឃុំកោងកាង។
នាឳកាសនោះ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ អនុប្រធានគណៈកម្មាធិការ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ចំពោះអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសាខាកាបាទក្រហមខេត្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៦៧គ្រួសារ ដែលជាជនងាយរងគ្រោះ សុទ្ធសឹងជាជនចាស់ជរាគ្មានទីពឹង ជនពិការ ស្ត្រីមេម៉ាយកូនច្រើន និងទុរគតជន មកពីភូមិចំនួន១០ ក្នុងឃុំកោងកាង និងភូមិក្រញូង ក្នុងឃុំវាលម្លូរ ស្ថិតក្នុងស្រុកពញាក្រែក។
ក្នុងឱកាសជួបសំណេះសំណាលនេះ លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បើទោះបីជាសម្តេចមិនបានអញ្ជើញ ដោយផ្ទាល់ក៏សម្តេចតែងតែ មានមនោសញ្ចេតនានឹករលឹកអាណិតស្រឡាញ់ការគិតគូរពីសុខទុក្ខ ជាពិសេសគឺជីវភាពរស់នៅប្រចាំថ្ងៃ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ គ្រប់ពេលវេលា។
ទន្ទឹមនឹងនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខចែកអំណោយ និងពាំនាំនូវសារគន្លឹះស្តីពីបញ្ហាសុខភាព ជុំវិញការទប់ស្កាត់ជំងឺកូវីដ-១៩ និងការបង្ការជំងឺឆ្លងនានាដែលអាចកើតមាននៅក្នុងរដូវធ្លាក់ភ្លៀងនេះ ដែលអាចឆ្លងជំងឺផ្សេងៗទៀត។
លោកស្រី ម៉ែន នារីសោភ័គ ក៍បានថ្លែងប្រាប់ប្រជាពលរដ្ឋ នូវការយកចិត្តទុកដាក់ខ្ពស់គ្រប់កាលៈទេសៈ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយផ្តល់ជូនអំណោយពលរដ្ឋជនងាយរងគ្រោះទាំងអស់ស្មើៗគ្នា ដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ និងនិន្នាការនយោបាយនោះឡើយ។
ចប់ប្រសាសន៍សំណេះសំណាល គណៈអធិបតីបានធ្វើការចែកអំណោយជូនពលរដ្ឋទាំង៦៧គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ប្រេងឆា១ដប ត្រីខ១០កំប៉ុង និងថវិកា២ម៉ឺនរៀល ដោយឡែកក្មេងដែលមានជំងឺសតិមិនប្រក្រតី បានចែកជូននូវអង្ករ៥០គីឡូក្រាម ឃីត០១កញ្ចប់ និងថវិកា១០លានរៀល ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់ផងដែរ៕ រាយការណ៍ដោយសហការីប្រចាំខេត្តត្បូងឃ្មុំ សម្រួលដោយ ទៀង បុណ្ណរី