គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ បណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ចំនួន ៤៥០ រូប (ស្រី ២៧៩) ក្នុងត្រីមាសទី១ ឆ្នាំ២០២២។

(ភ្នំពេញ) ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២២ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីសំណាក់លោក Christain Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) លោក លោកស្រីសមាជិកគណៈកម្មការ គ.គ.ហ. តំណាងសមាគមឧស្សាហកម្មទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តភូមិភាគឦសាន្ត និងជុំវិញបឹងទន្លេសាប សរុបចំនួន ៥០រូប។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថាកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងទិសដៅអនុវត្តបន្តត្រីមាសទី ២ ឆ្នាំ២០២២ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នឹងបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលការងារសំខាន់ៗរបស់លេខាធិការដ្ឋាន និងមន្ទីរទេសចរណ៍ខេត្តបានអនុវត្តកន្លងមក នៅតាមខេត្តគោលដៅគម្រោងរួមមានខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនៈគីរី និងមណ្ឌលគីរី ដោញស្រាយបញ្ហាប្រឈមនានាក្នុងការបណ្តុះបណ្តាល ហូកា ព្រមទាំងដាក់ទិសដៅការងារបន្តរបស់មន្ទីរទេសចរណ៍នៃខេត្តគោលដៅគម្រោង សម្រាប់អនុវត្តការងារនៅត្រីមាសទី ២ឆ្នាំ២០២២ ខាងមុខនេះ។ ក្រៅពីនេះ កិច្ចប្រជុំនឹងផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ដល់សមាគមឧស្សាហកម្មទេសចរណ៍ ដែលកំពុងពិនិត្យលទ្ធភាពចាប់យកកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទៅក្នុងផែនការរបស់ខ្លួន ជាពិសេសមន្ទីរទេសចរណ៍ខេត្តតំបន់សៀមរាប និងតំបន់ជុំវិញ ដែលជាគោលដៅថ្មីនៃកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា នឹងចាប់យកនាពេលខាងមុខ។
លោក Christain Volder Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ បានអបអរសារទរចំពោះលទ្ធផលដែលគណៈកម្មការគ្រប់គ្រងគម្រោង ហូកា និងមន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោងដែលបានសហការ និងខិតខំអនុវត្តផែនការសកម្មភាពបានយ៉ាងល្អប្រសើរដែលសម្រេចបានលទ្ធផលគួរឲ្យមោទនៈ។ លោកបានបញ្ជាក់ថាតាមរយៈកិច្ចសហការដ៏ល្អនេះ អង្គការស្វីស ខន់ថាក់ កំពុងពិនិត្យលទ្ធភាពពង្រីកការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទៅខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ និងឧត្តរមានជ័យ ដែលជាគោលដៅអាទិភាព និងមានសក្តានុពលវិស័យទេសចរណ៍។
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានរាយការណ៍ពីលទ្ធផលនៃការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ដោយក្នុងនោះគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានធ្វើការបណ្តុះបណ្តាលអ្នកជំនាញ និងគ្រូបង្គោលសរុបចំនួន ៤៥០រូប (ស្រី ២៧៩រូប) ក្រោមការគាំទ្ររបស់អង្គការ SwissContact និងអង្គការអន្តរជាតិខាងការងារ (ILO) លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ការិយាល័យជួរមុខ គេហកិច្ច និងសហគមន៍ទេសចរណ៍/អេកូ-ទេសចរណ៍ នៅខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តសៀមរាប។
កិច្ចប្រជុំបានពិភាក្សា និងដាក់ចុះទិសដៅការងារបន្តដើម្បីជំរុញការបណ្តុះបណ្តាបដិសណ្ឋារកិច្ច ហូកា នៅតាមខេត្តគោលដៅគម្រោង ដោយយកចិត្តទុកដាក់លើការបណ្តុះបណ្តាលវគ្គពេញម៉ោង ការបណ្តុះបណ្តាលបន្តនៅតាមមូលដ្ឋានអាជីវកម្ម ការផ្សព្វផ្សាយជំនាញវិជ្ជាជីវៈទេសចរណ៍ ការកសាងគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍ រៀបចំអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលឆ្លាស់បដិសណ្ឋារកិច្ច ហូកា (HoKa Work Based Learning) ការរៀបចំកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា តាមប្រព័ន្ធអនឡាញ (HoKa E-Learning) និងការពង្រីកវិសាលភាពបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា នៅខេត្តជុំវិញបឹងទន្លេសាប។សម្រួលដោយ ទៀង បុណ្ណរី
អត្ថបទដែលជាប់ទាក់ទង