ផ្លូវល្បឿនលឿនមិនអនុញ្ញាតឱ្យម៉ូតូធុនតូច និងកង់បីឥណ្ឌាធ្វើចរាចរណ៍នោះឡើយ
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា ម៉ូតូធុនតូច និងប្រភេទកង់បីឥណ្ឌាមិនអនុញ្ញាតឱ្យធ្វើចរាចរណ៍នៅលើផ្លូវល្បឿនលឿន ដែលនឹងដាក់ឱ្យដំណើរការសាកល្បងនៅអំឡុងខែកក្កដាខាងមុខនេះឡើយ។ ថ្លែងក្នុងដំណើរដឹកនាំប្រតិភូ ព្រះសង្ឃ មន្ត្រីរាជការ និងសិស្សនិស្សិត ចុះពិនិត្យ និងស្វែងយល់ពីទីតាំងភូមិសាស្ត្រនៃផ្លូវល្បឿន លឿនភ្នំពេញ-ព្រះសីហនុ កាល ពីថ្ងៃទី២៦ ខែមេសានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពន្យល់ថា ម៉ូតូធុនតូច និងប្រភេទកង់បីឥណ្ឌា មិនមានកម្លាំងគ្រប់គ្រាន់សម្រាប់រត់នៅលើគន្លងផ្លូវដែលគេធ្វើសម្រាប់តែរថយន្តនោះទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្រាប់ប្រភេទម៉ូតូដែលមានកម្លាំងសេសធំ ឬហៅថា ប្រភេទម៉ូតូធំ ក្រសួងកំពុងពិចារណាពីលទ្ធភាពឱ្យធ្វើចរាចរណ៍បាន។ បើតាមការបញ្ជាក់ជាថ្មីរបស់ឯក ឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា នៅឆ្នាំដំបូងនៃការបើកឱ្យចរាចរណ៍ផ្លូវ ល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ នឹងអាចយកកម្រៃ១២ដុល្លារសម្រាប់មួយជើងទៅ ឬ២៤ដុល្លារសម្រាប់ការទៅមក សម្រាប់រថយន្តប្រភេទ លក្ខណៈគ្រួសារ។ ដោយឡែក សម្រាប់រថយន្តដឹកទំនិញ និងរថយន្តកុងតឺន័រ មិនទាន់មានការគ្រោងតម្លៃនោះឡើយ ខណៈការបង់ថ្លៃសេវា នឹងចែកជា៥តាមប្រភេទរថយន្ត ដែល ក្រសួង និងក្រុមហ៊ុនកំពុងចរាចរលើសំណើតម្លៃ។ បច្ចុប្បន្នផ្លូវនេះ សម្រេចការ សាងសង់បានជាង៩០ភាគរយហើយ ដោយគ្រោងបញ្ចប់រួចរាល់ជាស្ថាពរនៅខែកក្កដាខាងមុខនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បាន បញ្ជាក់ថា ក្រោយសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវនេះ នឹងបើកឱ្យប្រជាពលរដ្ឋជិះដោយឥតគិតថ្លៃ ក្នុងរយ:ពេល១ខែ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងពីស្ថានភាព និងការចរាចរណ៍នៅលើផ្លូវនេះ។ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ ចាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ វិនិយោគ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិនពីប្រទេសចិន ក្នុងទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារអាមេរិក តាមរូបភាព សាងសង់ អាជីវកម្ម និងផ្ទេរ រយៈពេលជិត៥០ឆ្នាំ ដើម្បីសម្រួលការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងផលិតផលកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុនវិនិយោគទៅកាន់ទីផ្សារ ក្នុងស្រុក និងជាពិសេសទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅរបស់កម្ពុជា និងការធ្វើដំណើររបស់ប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេស។ ផ្លូវនេះ បាននិងកំពុងសាងសង់ដោយមានទទឹងតួផ្លូវ២៤,៥ម៉ែត្រ សម្រាប់គន្លងផ្លូវធ្វើចរាចរ២គន្លងទៅ ២គន្លងមក ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ នៅលើបណ្តោយនៃផ្លូវនេះ ក៏មានសាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន៧កន្លែង ផ្លូវប្រសព្វចំនួន២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿននេះចំនួន២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន២០កន្លែង ព្រមទាំងសាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្តចំនួន១កន្លែងមណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវចំនួន៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន៩កន្លែង៕សម្រួលដោយ ទៀង បុណ្ណរី