ប្រធានសមាគមជប៉ុន-កម្ពុជា បញ្ជាក់ជំហរជួយគាំទ្រដល់សហគ្រិនស្ត្រីកម្ពុជា

លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ជំហរជួយគាំទ្រដល់សហគ្រិនស្ត្រីកម្ពុជា ដែលកំពុងធ្វើការងារក្នុងវិស័យនេះឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។ ថ្លែងក្នុងឱកាសដឹកនាំគណៈប្រតិភូពាណិជ្ជកម្មវិនិយោគជប៉ុន ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ប្រធានសមាគមជប៉ុន-កម្ពុជារូបនេះ បានប្តេជ្ញាបន្តសហការ ជាមួយក្រសួងកិច្ចការនារី ក្នុងការបង្កើតបណ្តាញជាមួយគ្នា ដើម្បីគាំទ្រដល់ស្ត្រីកម្ពុជាជាសហគ្រិន ខណៈនៅពេលខាងមុខ លោកនឹងដឹកនាំស្ត្រីដែលទទួលបន្ទុក ក្នុងសភាពាណិជ្ជកម្មជប៉ុន មកជួបពិភាក្សាជាមួយស្ត្រីកម្ពុជា ដែលធ្វើការងារក្នុងវិស័យសហគ្រិន ដើម្បីធ្វើអាជីវកម្មជាមួយគ្នា។ ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានឱ្យដឹងថា ក្នុងជំនួបនេះ លោកជំទាវ អ៊ឹង កន្ថាផាវី បានបង្ហាញពីសក្តានុពលផ្សេងៗដែលកម្ពុជាមានសម្រាប់ទទួលការវិនិយោគ មកពីប្រទេសជប៉ុន។ ជាមួយគ្នានេះ ក៏បានបង្ហាញពីវិស័យអាទិភាពដូចជា៖ ការធ្វើទំនើបកម្មផ្នែកឌីជីថល ក្នុងវិស័យកសិកម្ម ការលើកកម្ពស់វិស័យទេសចរណ៍ និងការអភិវឌ្ឍន៍ធនធានមនុស្ស ជាដើម។ សូមជម្រាបថា នៅក្នុងជំនួបនេះ លោកជំទាវ អ៊ឹង កន្ថាផាវី និងលោកប្រធានសមាគមជប៉ុន-កម្ពុជា ក៏បានឯកភាពគ្នាលើគម្រោងបង្កើតឱ្យមានយន្តការ និងប្រព័ន្ធក្នុងការភ្ជាប់អាជីវកម្មជាមួយគ្នាទៅវិញទៅមក។ ភាគីទាំងពីរ ក៏រិះរកលទ្ធភាព ក្នុងការរៀបចំឱ្យមានវេទិកាជជែកគ្នា រវាងវិនិយោគិនជប៉ុននិងកម្ពុជា ក្នុងការធ្វើអាជីវកម្ម នាពេលខាងមុខផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង