ក្រសួងធម្មការ ស្នើឱ្យស្ថាប័នសង្ឃបន្តពង្រឹងធម្មវិន័យ និងគោរពចំពោះច្បាប់រដ្ឋ
ភ្នំពេញ÷រដ្ឋលេខាធិការក្រសួងធម្មការ ស្នើឱ្យស្ថាប័នសង្ឃបន្តពង្រឹងធម្មវិន័យ និងគោរពចំពោះច្បាប់រដ្ឋ ដើម្បីឱ្យវិស័យព្រះពុទ្ធសាសនានៅកម្ពុជាមានការរីក ចម្រើន និងមានការលើកតម្កើងពីមហាជន។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារព្រះពុទ្ធសាសនា ខណ្ឌឫស្សីកែវប្រចាំឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២, សង្ឃប្រកាសអនុសំវច្ឆរមហាន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី២៩ និងសេចក្តីសម្រេចចិត្តសង្ឃសន្និបាតរាជធានីភ្នំពេញប្រចាំឆ្នាំ២០២១ នៅវត្តញាណរង្សី កាលពីរសៀលថ្ងៃទី២៦ មេសា លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា ស្ថាប័នសង្ឃត្រូវបន្តពង្រឹងធម្មវិន័យ និងគោរពច្បាប់រដ្ឋឱ្យបានខ្ពស់ ចៀសវាង ការប្រព្រឹត្តដែលនាំឱ្យអាប់ឱន ដល់ព្រះពុទ្ធសាសនា។ លោកជំទាវរដ្ឋលេខាធិការបានបន្តថា ការបន្តពង្រឹងធម្មវិន័យនេះ ដោយសារនាពេលកន្លងមក ព្រះសង្ឃបានទទួលរងនូវការរិះគន់ពីបុគ្គលមួយចំនួន ដូចជាព្រះសង្ឃខ្លះទៅបិណ្ឌ បាតនៅកន្លែងមិនគួរបិណ្ឌបាត។ ត្រង់បញ្ហានេះលោកជំទាវបញ្ជាក់ថា ព្រះសង្ឃទាំងឡាយគួរតែគិតពិចារណាផងដែរថាតើ កន្លែងណាគួរនិមន្តទៅបិណ្ឌបាត ហើយកន្លែងណាមិនគួរនិមន្តទៅបិណ្ឌបាត ចៀសវាងការ ស្តីបន្ទោសពី មហាជនមកលើស្ថាប័នសង្ឃទាំងមូល ដែលការណ៍នេះក៏ជាការពង្រឹងវិន័យសង្ឃមួយផងដែរ។ ព្រះសុវណ្ណជោតិ ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវមាន សង្ឃដីកាឯកភាពចំពោះការលើកឡើងរបស់លោកជំទាវរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ដែលបានសុំឱ្យបន្តពង្រឹងធម្មវិន័យ និងគោរពចំពោះច្បាប់រដ្ឋឱ្យបានខ្ពស់ នៅក្នុងស្ថាប័នសង្ឃទាំងមូល ចៀសវាងការប្រព្រឹត្តនូវអំពើមិនគួរគប្បីនានា ដែលនាំឱ្យប៉ះពាល់ដល់តម្លៃ ព្រះពុទ្ធសាសនានៅកម្ពុជា៕សម្រួលដោយ ទៀង បុណ្ណរី