អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទស្សនកិច្ចការងារនៅពន្ធនាគារចំនួន៣ ដើម្បីរៀបចំពង្រឹងសមត្ថភាពមន្រ្តីបម្រើការនៅពន្ធនាគារលើការងារអប់រំពីបញ្ហាគ្រឿងញៀន

ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២

ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ លឹម សុខា អគ្គនាយករង អគ្គ នាយកដ្ឋានពន្ធនាគារ រួមទាំងមន្រ្តីជំនាញរបស់អង្គភាពទាំងពីរបានចុះទស្សនកិច្ចផ្ទាល់ ពី ស្ថានភាពទូទៅរបស់ដំណើការការងារអប់រំពីបញ្ហាគ្រឿងញៀនដល់ជនជាប់ឃុំ ខណៈ ពេលពួកគាត់អនុវត្តន៍ទោសរួចរាល់ហើយ ត្រូវវិលត្រឡប់ទៅរួមរស់ជាមួយក្រុមគ្រួសារ និងសហគមន៍វិញដើម្បីកុំឱ្យគាត់ទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននាំទុក្ខដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ ការចុះទស្សនកិច្ចនេះ បានធ្វើឡើង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ លឹម សុខា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអង្គភាពទាំងពីរដែលបានអនុញ្ញាតឱ្យក្រុមការងារបានជួបប្រជុំគ្នា និងជជែកពិភាក្សាដើម្បីកសាងផែនការសកម្មភាព សម្រាប់ពង្រឹងសមត្ថភាពមន្រ្តីបម្រើពន្ធនាគារលើការងារអប់រំពីបញ្ហាគ្រឿងញៀនក្លាយជាមន្រ្តីបង្គោលដើម្បីអប់រំដល់ជនជាប់ឃុំបានយល់ដឹង និងយកទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ឱ្យចៀសចាកឆ្ងាយពីបញ្ហាគ្រឿងញៀន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា ការអប់រំអ្នកដែលធ្លាក់ខ្លួនញៀនហើយនោះ គឺ ពិបាកណាស់ក្នុងការព្យាបាល និងស្តារនីតិសម្បទាគាត់ឱ្យត្រឡប់ស្ថានភាពធម្មតាឡើងវិញ។ ឯកឧត្តម ឧត្តមសេនីយ៍ឯកបានបន្ថែមថា ដោយសារតែបញ្ហាគ្រឿងញៀននេះហើយ ទើបរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានខិតខំបង្ការការពារប្រជាពលរដ្ឋ តាមរយៈការអប់រំផ្សព្វផ្សាយផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដើម្បីឱ្យប្រជាពលរដ្ឋមានបំណិនជិវិតរួចផុតបានពីបញ្ហាគ្រឿងញៀន៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង