អាជ្ញាធរមីន និងមូលនិធិមនុស្សធម៌ Golden West ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូក្នុងកិច្ចប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា

ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២

អាជ្ញាធរមីន និងមូលនិធិមនុស្សធម៌ Golden West បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីភាពជាដៃគូក្នុងកិច្ចប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្នុងគោលដៅបង្កើនសមត្ថភាពដោះស្រាយតម្រូវការរបស់សហគមន៍សកម្មភាពមីនកម្ពុជា និងការធានាបាននូវការផ្សព្វផ្សាយការអនុវត្តនវានុវត្តន៍វិស័យមីន។ ក្នុងពិធីចុះអនុស្សរណៈ នេះ គឺមានការអញ្ជើញចូលរួមជាអធិបតីរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន និងការចុះហត្ថលេខាដោយ ឯកឧត្ដម ព្រំ សុភមង្គល អគ្គលេខាធិការ អាជ្ញាធរមីន ជាមួយលោក Len Austin នាយកមូលនិធិប្រចាំកម្ពុជា នៃមូលនិធិមនុស្សធម៌ Golden West កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ តាមរយៈផេកហ្វេសប៊ុកផ្លូវការ។

ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ បានគូសបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃភាពជាដៃគូនេះ នឹងចូលរួមជួយលើកកម្ពស់ទំនើបនីយកម្មលើជំនាញបច្ចេកទេស និងការច្នៃប្រឌិតក្នុងការងារបោសសម្អាតមីនតាមបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ដែលនឹងផ្តល់នូវសុវត្ថិភាពកាន់តែខ្ពស់បន្ថែមទៀតសម្រាប់អ្នកដោះមីន និងកាន់តែមានប្រសិទ្ធភាព និងរហ័សជាមុន ក្នុងការរំដោះផ្ទៃដីជូនប្រជាពលរដ្ឋ។

ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានលើកឡើងថា តាមរយៈភាពជាដៃគូនេះ កម្ពុជា នឹងពង្រឹងការអនុវត្តការស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ក្នុងការចូលរួមដោះស្រាយបញ្ហាមីន ព្រមទាំងជួយផ្តល់នូវវឌ្ឍនភាពលើមធ្យោបាយស្រាវជ្រាវ សម្រាប់វិស័យមីននៅកម្ពុជា។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានចាត់ទុកភាពជាដៃគូនេះ នឹងជួយពន្លឿនឱ្យកម្ពុជាឆាប់សម្រេចនូវគោលដៅរបស់ខ្លួន នៅឆ្នាំ២០២៥ខាងមុខផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង