ឯកឧត្តម ពៅ សុខ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាំយកសៀវភៅចំនួន ៤ប្រភេទ សរុបចំនួន ៤៤០ក្បាល ជូនកាកបាទក្រហមកម្ពុជា

ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២

ឯកឧត្តម ពៅ សុខ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននាំយកសៀវភៅចំនួន ៤ប្រភេទ សរុបចំនួន ៤៤០ក្បាល ជូនលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា សម្រាប់ប្រើប្រាស់តាមការចាំបាច់របស់កាកបាទក្រហមកម្ពុជា។ ក្នុងពិធីប្រគល់ និងទទួលនេះ បានធ្វើឡើង កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ពៅ សុខ ជាពិសេសថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងចងក្រងជាស្នាដៃសម្រាប់ជាប្រយោជន៍ដល់អ្នកអាន និងអ្នកស្រាវជ្រាវគ្រប់មជ្ឈដ្ឋាន។ លោកជំទាវអគ្គលេខាធិការរងទី១ បានជម្រាបជូនថា សៀវភៅទាំងនេះ កាកបាទក្រហមកម្ពុជា នឹងបន្តផ្តល់ជូនសប្បុរសជនជាតិ-អន្តរជាតិ ទៅតាមតម្រូវការចាំបាច់ ជាពិសេសសប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២នេះជាដើម។

ឯកឧត្តម ពៅ សុខ បានគូសបញ្ជាក់ថា គោលបំណងនៃការជូនសៀវភៅនេះ ដើម្បីរួមចំណែក ជាធម្មទានសម្រាប់កាកបាទក្រហមកម្ពុជាយកទៅប្រើប្រាស់ តាមតម្រូវការ ក្នុងឱកាសប្រារព្ធទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ខាងមុខ។ ឯកឧត្ដមបាន បន្ថែមថា ការផ្ដល់ជូនសៀវភៅនេះ ក៏ជាការចូលរួមលើកកម្ពស់ការសរសេរ ការអាននៅ កម្ពុជា ជាពិសេសរួមចំណែកផ្សព្វផ្សាយ នូវស្នាដៃដ៏មានតម្លៃមហាសាល របស់ថ្នាក់ដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់កម្ពុជា ក្នុងការស្វែងរកសន្តិភាព និងការបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា ព្រមទាំងការអភិវឌ្ឍ ការប្រយុទ្ធប្រឆាំងកូវីដ១៩ និងការជួយសង្រ្គោះជនរងគ្រោះពីគ្រោះធម្មជាតិផ្សេងៗ គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សូមជម្រាបជូនថា សៀវភៅទាំងបួនប្រភេទនោះ គឺមានចំណងជើងថា ១. ទឹកចិត្តអ្នកជួយសង្គ្រោះ ជាភាសាខ្មែរចំនួន ១០០ក្បាល និងជាភាសាអង់គ្លេស ចំនួន ៥០ក្បាល។ ២. អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី ជាភាសាខ្មែរ ចំនួន ២០០ក្បាល។ ៣. សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា ជាភាសាខ្មែរ ចំនួន ៥០ក្បាល។ ៤. សម្តេច ហ៊ុន សែន វីរបុរសសង្ហាដើរបញ្ច្រាសទិសប្រយុទ្ធកូវីដ-១៩ ជាភាសាចិន ចំនួន ៤០ក្បាល៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង