រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ដើម្បីរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពេលពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឃោសនាបោះឆ្នោត និង ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
កំពង់ឆ្នាំង៖ នាថ្ងៃទី២៥ ខែមេសាបឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងមានបើកកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ដើម្បីធានា និង រក្សាសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់ក្នុងការពិនិត្យបញ្ជីឈ្មោះក្នុងការបោះឆ្នោត ឃោសនាបោះឆ្នោតនិងក្នុងពេលបោះឆ្នោតជ្រើសរើសក្រុម
ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពឯកឧត្តម អម សុភា អភិបាលរងខេត្តតំណាង ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ អភិបាលខេត្តនិងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងនិងលោកស្រី នួន ចាន់នី ប្រធានគណ:កម្មការរៀបចំការបោះឆ្នោតខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានអង្គភាពពាក់ព័ន្ធ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ចូលរួមផងដែរ។
ឯកឧត្តម អម សុភា បានមានប្រសាសន៍ថា ដើម្បីធានាការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ អោយប្រព្រឹត្តទៅយ៉ាងរលូន និង មានតម្លាភាព សមាជិក សមាជិកាគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ ត្រូវសហការ ធានាសន្តិសុខសណ្តាប់ធ្នាប់ ជូនគណបក្សនយោបាយ និង ប្រជានពលរដ្ឋអោយបានល្អ។
បន្ថែមពីនោះ ឯកឧត្តម អម សុភា បានផ្តាំផ្ញើដល់សមាជិក សមាជិកាគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ត្រូវបន្តអនុវត្តតាមតួនាទីនិងភារកិច្ចរបស់ខ្លួន ដោយគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា និងនីតិវិធី និង ក្រមសីលធម៌ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញនិងច្បាប់របស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីអោយគណបក្សនយោបាយ និងប្រជាពលរដ្ឋទទួលយកបាននូវលទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខ៕សម្រួលដោយ ទៀង បុណ្ណរី