ប្រជាពលរដ្ឋក្រីក្រ និងមានជំងឺនៅស្រុកស្ទឹងហាវ ទទួលបានអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ខេត្តព្រះសីហនុ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២
នៅព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចក្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោកជំទាវ ប្រាក់ ច័ន្ទសុខា ហិរញ្ញិកគណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខាខេត្តបាននាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភ ជូនប្រជាពលរដ្ឋមានជំងឺ ហើយជីវភាពខ្វះខាតចំនួន ១៥គ្រួសារ នៅស្រុកស្ទឹងហាវ ក្នុងនោះ មកឃុំទំនប់រលកចំនួន ១២គ្រួសារ និងឃុំកំពេញចំនួន ០៣គ្រួសារ។
លោកជំទាវ ប្រាក់ ច័ន្ទសុខា ហិរញ្ញិកគណៈកម្មាធិការសាខា មានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន ពីសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើម ថ្នាក់ជាតិ និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ហើយបានចាត់ឱ្យលោកជំទាវ ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺជនងាយរងគ្រោះ និងជនរង គ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនមានការរើសអើង ប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ ធ្វើយ៉ាងណាយើងត្រូវដឹងអំពីសុខទុក្ខប្រជាពលរដ្ឋ និងការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ជាមួយគ្នានេះលោកជំទាវ ក៏បានធ្វើការសំណូមពរ បងប្អូនត្រូវថែរក្សាសុខភាព ដោយប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត អញ្ជើញទៅពិនិត្យសុខភាពតាមការណាត់របស់ក្រុមគ្រូពេទ្យ និងសូមអនុវត្តន៍នូវ វិធានការពារពីការឆ្លងជំងឺកូវីដ-១៩ គឺវិធានការ ៣.ការពារ និង ៣.កុំ (ពាក់ម៉ាស, លាងសម្អាតដៃឱ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព) និងត្រូវទៅចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ដូសតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រទាំង១៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង កន្ទេល១ ទឹកត្រី ១យួរ ម៉ាស១កញ្ចប់ ជែល១ដប ឃីត១ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកា ១០ម៉ឺនរៀល៕សម្រួលដោយ ទៀង បុណ្ណរី