ដំណាំបន្លែនិងផ្លែឈើចំនួន៤ ប្រភេទនៅក្នុងខេត្តមណ្ឌលគិរីកំពុងមានទីផ្សារ
ខេត្តមណ្ឌលគិរី ជាខេត្តមួយដែលមានសក្តានុពលលើវិស័យកសិកម្ម ដូចនេះ ប្រជា ពលរដ្ឋដែលរស់នៅក្នុងខេត្តនេះ មានភាពងាយស្រួលក្នុងការដាំដុះដំណាំផ្សេងៗ ពិសេសលើដំណាំ ដំឡូង បារាំង, ស្ពៃក្តោប ផ្លែប័រ និងក្រូចផាសិន ដែលអាចធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង ។
លោក ហៀក សុផាន អភិ បាលក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរីបានមានប្រសាស ន៍ឱ្យដឹងថា ខេត្តមណ្ឌលគិរី ជាខេត្តមួយដែលមិនត្រឹមតែជាតំបន់ ដែលមានសក្តានុពលលើវិស័យទេសចរណ៍នោះទេ ថែមទាំងជាតំបន់ដែលអំណោយផលបំផុត លើវិស័យកសិកម្មដោយសារតែដីមានជីជាតិគ្រប់គ្រាន់ ធ្វើឱ្យបន្លែនៅទីនោះ មានរសជាតិឆ្ងាញ់ជាងបន្លែដែលដាំនៅបណ្តាខេត្តដទៃទៀត។ លោកបានបន្តថា ដំណាំដែលប្រជា ពលរដ្ឋដាំដុះបានល្អ និងទទួលបានទិន្នផលខ្ពស់រួមមាន៖ ដំឡូងបារាំង, ស្ពៃក្តោប ផ្លែប័រ និងក្រូចផាសិនជាដើម ដែលបន្លែនិងផ្លែឈើទាំងអស់នេះ ពិតមានឱជារសឆ្ងុយឆ្ងាញ់ និងមានអតិថិជនគាំទ្រខ្ពស់ ដោយសារតែជាផលិតផលដែលដាំដុះតាមបែបធម្មជាតិ មិនមានសារ ធាតុគីមី ដែលប៉ះពាល់ដល់សុខភាពអ្នកបរិភោគឡើយ ។ លោកបានបន្តទៀតថា ស្ថាន ភាពដីរបស់ខេត្តមណ្ឌលគិរី គឺមិនចាញ់បណ្ដាប្រទេសផ្សេងៗឡើយ ដោយថ្មីៗនេះកសិករក្នុងខេត្ត អាចដាំដុះដំណាំដំឡូងបារាំងបានយ៉ាងល្អ និងទទួលបានទិន្នផលខ្ពស់ថែម ទៀតផង ។
នៅពេលបច្ចុប្បន្ននេះ នៅខេត្តមណ្ឌលគិរីមានសក្តានុពល គឺផ្នែកកសិកម្មគឺយើងបានដាំដំឡូងបារាំង គឺចម្លែកដែរនៅប្រទេសកម្ពុជាយើង មិនមានដីណាដែលដាំដំឡូងបារាំងហើយបានភោគផល តែនៅមណ្ឌលគិរីយើង បានដាំដំឡូងបារាំង ហើយយើងមានសក្តានុពលបន្លែដែលឆ្ងាញ់ដូចជាស្ពៃក្តោប ហើយយើងមានផ្លែប័រ យើងមានក្រូចផាសិនហ្នឹងក៏មានរសជាតិឆ្ងាញ់ដែរ គឺមានរសជាតិមួយប្លែកខុសពីគេ នេះជាសក្តានុពលដ៏ល្អនៅក្នុងខេត្តមណ្ឌលគិរីយើងនេះ។
លោកក៏បានបញ្ជាក់ផងដែរថា ដំណាំដំឡូងបារាំងប្រជា កសិករ អាចលក់បានក្នុងតម្លៃចាប់ពី៥០០០ទៅ៦០០០រៀល ក្រូចផាសិនមានតម្លៃ ៨០០០រៀល ស្ពៃក្តោបមាន តម្លៃ ៥០០០រៀល និងផ្លែប័រ មានតម្លៃចន្លោះពី១២០០០ រៀល ទៅ១៥០០០រៀល ក្នុងមួយគីឡូក្រាម៕សម្រួលដោយ ទៀង បុណ្ណរី