លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ដើម្បីប្រែក្លាយពីសមាជិកបក្សម្នាក់ ទៅជាសំឡេងគាំទ្រគណបក្សមួយសន្លឹក គឺផ្តើមចេញពីអំពីល្អរបស់មន្ត្រីនៅមូលដ្ឋាន

 ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដើម្បីប្រែក្លាយពីសមាជិកបក្សម្នាក់ ទៅជាសំឡេងគាំទ្រគណបក្សមួយសន្លឹក គឺផ្តើមចេញពីអំពីល្អរបស់មន្ត្រីនៅមូលដ្ឋាន ។ លោកជំទាវបានបញ្ជាក់បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិកាក្រុមប្រឹក្សាខណ្ឌ-សង្កាត់ គណៈអភិបាល និងសកម្មជននារី នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀលថ្ងៃ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សខណ្ឌច្បារអំពៅ។

លោកជំទាវមានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព មានស្ថិរភាពនយោបាយល្អ និងមានភាពរីកចម្រើនលើគ្រប់វិស័យ គ្រប់គ្រងបានយ៉ាងល្អនូវការឆ្លងរីករាលដាលជំងឺកូវី-ដ១៩ តាមរយៈយុទ្ធសាស្ត្រចាក់វ៉ាក់សាំងតាមអភិក្រម ផ្ការីក ។ លោកជំទាវក៏បានកោតសសើរក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋា នខណ្ឌ នារីគ្រប់លំដាប់ថ្នាក់ នៃខណ្ឌច្បារអំពៅ ដែលបានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ ដោយទទួលបានលទ្ធផលគួជាទីមោទនៈ និងបានផ្លាស់ប្តូរសម្រស់ក្នុងខណ្ឌ ដែលជាផ្នែកមួយក្នុងការរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ស្របតាមផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា នៅក្នុងបរិការណ៍កូវីដ-១៩នេះ យើងទាំងអស់គ្នាត្រូវរៀនរស់នៅ និងធ្វើការតាមគន្លងថ្មី ដោយគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ និងត្រូវរួមគ្នាបន្តថែរក្សាសុខសន្តិភាព ដើម្បីរួមសហការគ្នាជំរុញនូវល្បឿននៃការអភិវឌ្ឍន៍ ហើយស្ត្រីត្រូវពង្រឹងនូវសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការស្ដារ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ។

លោកជំទាវក៏បានជំរុញដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅក្នុងខណ្ឌច្បារអំពៅ ត្រូវធ្វើតែអំពើល្អ និងមានភាពស្មោះត្រង់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាប្រៀបឈ្នះរបស់គណបក្សឱ្យបានតាមរយៈ យុទ្ធសាស្ត្រ សមាជិកគណបក្សមួយ គឺជាសំឡេងគាំទ្រគណបក្សមួយសន្លឹក ។

សម្រាប់អ្នកចូលរួមក្នុងថ្ងៃនេះចំនួន ១៥០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅអប់រំ១ក្បាល, អាល់កុល១ដប ,ជែល១ដប និងថវិកា ៥ម៉ឺនរៀល ផងដែរ ៕សម្រួលដោយ ទៀង បុណ្ណរី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

 

 

 

 

 

 

 


អត្ថបទដែលជាប់ទាក់ទង