ការប្រកួតគុនដាវពានវេស្ទើន ជាការសាកល្បងសមត្ថភាពមន្ត្រីបច្ចេកទេស ឆ្ពោះទៅរៀបចំស៊ីហ្គេម
ភ្នំពេញ៖ លោក ឃុត សៀង ប្រធានបច្ចេកទេស សហព័ន្ធកីឡាគុនដាវកម្ពុជា បានលើកឡើងថា ក្រៅពីការពង្រឹង បច្ចេកទេសកីឡាករ កីឡាការិនី ការប្រកួតកីឡាគុនដាវពានរង្វាន់វេស្ទើន លើកទី២ ឆ្នាំ២០២២ ក៏ជាការសាកល្បងសមត្ថភាព មន្រ្ដីបច្ចេកទេស អាជ្ញាកណ្ដាលរបស់សហព័ន្ធ ដើម្បីធានាការរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់កម្ពុជា។
ថ្លែងក្រោយបញ្ចប់ការប្រកួតកីឡាគុនដាវ នៅកីឡដ្ឋានវេស្ទើនរាជធានីភ្នំពេញ លោក ឃុត សៀង បានមានប្រសាសន៍ថា សហព័ន្ធបានមើលឃើញនូវចំណុចខ្វះខាតជាច្រើន ដែលត្រូវការដោះស្រាយ និងបំពេញបន្ថែមឱ្យបានឆាប់រហ័សបំផុត។ ក្នុងឆ្នាំ២០២២នេះ សហព័ន្ធក៏ត្រៀមការប្រកួត២ប្រភេទទៀត ក្នុងត្រីមាសទី៣ និងត្រីមាសទី៤ ជាពិសេសការរៀបចំការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាជាតិ នាខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបង្កើនបទពិសោធន៍ និងពង្រឹងសមត្ថភាពរបស់មន្រ្ដីបច្ចេកទេសរបស់ខ្លួន និងការត្រួតពិនិត្យសម្ភារៈប្រកួតផងដែរ។ ដូច្នេះតាមរយៈការប្រកួតសំខាន់ៗទាំងនេះ នឹងពង្រឹងបន្ថែមលើសមត្ថភាព បទពិសោធន៍ បន្ថែម សម្រាប់មន្ត្រីបច្ចេកទេស ឱ្យកាន់តែមុតស្រួច សម្រាប់គោលដៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។
ប្រធានបច្ចេកទេស សហព័ន្ធកីឡាគុនដាវកម្ពុជា អះអាងទៀតថា ការប្រកួតកីឡាគុនដាវ ពានរង្វាន់វេស្ទើន ឆ្នាំ២០២២នេះ មានគោលដៅ បំផុសសកម្មភាពកីឡាគុនដាវតាមសាលារៀនគ្រប់កម្រិតសិក្សា ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយបានអនុវត្តតាមបទបញ្ជាបច្ចេកទេសប្រកួត គោលការណ៍ Fair-play បានយ៉ាងត្រឹមត្រូវ ហើយការប្រកួតបានបញ្ចប់ដោយសុវត្តិភាព ប្រកបដោយស្មារតីមិត្តភាព និងសាមគ្គីភាព។
លោកបានចាត់ទុកថា ការប្រកួតនេះ អាចរៀបចំទៅបានដោយមានការជួយជ្រោមជ្រែងពីឯកឧត្តម តែ ឡូរិន ប្រធានសហព័ន្ធកីឡា គុនដាវកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល សកលវិទ្យាល័យវេស្ទើន លោក គួរ យ៉ាង ប្រធានចាត់ការទូទៅនៃក្លឹបកីឡា ឡុងហាយ និងគ្រូបង្វឹក កីឡាករ កីឡាការិនី ព្រមទាំងក្រុមហ៊ុនឯកជនជាច្រើនទៀតផងដែរ។
គួរបញ្ជាក់ថា ជ័យលាភីក្នុងការប្រកួតនេះ រួមមាន វិញ្ញាសាដាវធំឯកត្តជនបុរស មេដាយមាស បានទៅកីឡាករ សុខ ចាន់ឫទ្ធី មកពីវិទ្យាល័យ ជាស៊ីម សាមគ្គី, មេដាយប្រាក់ កីឡាករ ខឿន ទីម៉ា មកពីវិទ្យាល័យ ឥន្ទ្រទេវី, មេដាយសំរឹទ្ធ កីឡាករ លាន ម៉ូសេ មកពីវិទ្យាល័យ ជាស៊ីម សាមគ្គី និងកីឡាករ ភារក្ស ភារិន មកពីក្លឹប Glory។ វិញ្ញាសារដាវធំឯកត្តជននារី មេដាយមាស បានទៅកីឡាការិនី រុំ ស្រីឡែន មកពីវិទ្យាល័យ ឥន្រ្ទទេវី, មេដាយប្រាក់ កីឡាការិនី ប៉ែន ណារីតា មកពីសាលាអន្ដរជាតិវេស្ទើន, មេដាយសំរឹទ្ធ កីឡាការិនី ប្រាក់ បញ្ញាទេវី មកពីសាលាអន្ដរជាតិ វេស្ទើន។ រីឯពិធីបំពាក់មេដាយដល់ជ័យលាភីនេះ ត្រូវបានផ្តល់ កិត្តិយសអញ្ជើញចូលរួមពីលោក ហ៊ូ ចៀនហៃ អនុប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា និងមន្ត្រីជាច្រើនរូបទៀត៕សម្រួលដោយ ទៀង បុណ្ណី