សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាចាត់ទុកទឹកថាជា «មាស ស» ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាពនិងបរិយាបន្ន

ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ចាត់ ទុកទឹកជា «មាស ស» ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព និងបរិយាបន្ន។ រាជរដ្ឋាភិបាលកម្ពុជា តែងទទួលស្គាល់អំពីសារៈសំខាន់ជាយុទ្ធសាស្ត និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក សំដៅជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ធានាបាននូវសន្តិសុខទឹកក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ក្នុងសន្ទរកថាថ្លែងទៅកាន់កិច្ចប្រជុំកំពូលលើកទី៤ ស្ដីពី បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្រោមមូលបទ «ធនធានទឹកសម្រាប់កាអភិវឌ្ឍប្រកបដោយចីរភាព ៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» នាព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងខឹម៉ាមូតុ ប្រទេសជប៉ុន សម្ដេចតេជោលើកឡើងថា ក្នុងអំឡុងជាង២ ឆ្នាំកន្លងមកនេះ ជំងឺកូវីដ-១៩ បាននាំមកនូវផលប៉ះពាល់មិនធ្លាប់មានដល់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចសកល។ ប៉ុន្តែវិបត្តិនេះក៏បានធ្វើឱ្យយើងឃើញកាន់តែច្បាស់អំពីភាពចាំបាច់នូវការរក្សា និងការពារឱ្យបាននូវប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិ ពិសេសធនធានទឹកសម្រាប់ជំរុញ និង គាំទ្រការរស់រានមានជីវិត និងការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយភាពធន់និងចីរភាព។

ជាការពិត ទឹកគឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ និងការរស់នៅប្រកបដោយគុណភាព ប៉ុន្តែធនធាននេះពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែកម្រទៅៗ ដោយសារសកម្មភាពរបស់មនុស្សធ្វើឱ្យប៉ះ ពាល់ជាអវិជ្ជមានដល់ប្រភព និងគុណភាពទឹក ការប្រែប្រួលអាកាសធាតុ គ្រោះទឹកជំនន់ និងភាពរាំងស្ងួត ការកើនឡើងនូវចំនួនប្រជាជននិងការបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបាននិងកំពុងបន្តដាក់សម្ពាធដល់ធនធានទឹក និងប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ប្រភពទឹកផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងសង្កត់ធ្ងន់ថា ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព គឺចាំបាច់ណាស់សម្រាប់ ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាក់ស្ដែង នៅក្នុង របៀបវារៈឆ្នាំ២០៣០ របស់សហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកត្រូវបានកំណត់នៅគោលដៅទី ៦ ស្តីពី “ការ ធានាឱ្យមាននិងការគ្រប់គ្រងទឹកនិងអនាម័យប្រកបដោយចីរភាពសម្រាប់ប្រជាជនគ្រប់រូប។ដូច្នេះអភិក្រមនៃការគ្រប់គ្រងធនធានទឹករបស់យើងនាពេលបច្ចុប្បន្ន នឹងកំណត់នូវគុណភាពជីវិតរស់នៅរបស់យើង និងកូនចៅរបស់យើងនាពេលអនាគត។

ក្នុងន័យនេះ ធនធានទឹកបានក្លាយជារបៀបវារៈមួយសំខាន់ ដែលតម្រូវឱ្យយើងត្រូវខិតខំប្រឹងប្រែងរួមគ្នា គ្រប់គ្រងឱ្យបានប្រកបដោយចីរភាព សម្រាប់បច្ចុប្បន្ន និងទៅអនាគត តាមរយៈ ទី១. ការបន្តជំរុញការអភិវឌ្ឍនិងសមាហរណកម្ម បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក ទាំងក្នុងប្រទេស តំបន់ និងសកលលោក។ ទី២. ការបន្តជំរុញការអភិវឌ្ឍសកម្មភាពសង្គម-សេដ្ឋកិច្ច ប្រកបដោយការទទួលខុសត្រូវ និងការគាំទ្រ ដល់ការអភិវឌ្ឍបៃតង ជាពិសេស សម្រាប់វិស័យកសិកម្មដែលជាវិស័យប្រើប្រាស់ទឹកច្រើន។ ទី៣. ការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថលរបស់យើង ដើម្បីចាប់យកវឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ទី៤. ការបន្តគាំទ្រដល់កម្មវិធី គំនិតផ្តួចផ្តើម និងសកម្មភាពនានា គាំទ្រដល់ការលើកកម្ពស់ចីវភាព សង្គមក្នុងការប្រើប្រាស់ និង ការគ្រប់គ្រងទឹក សំដៅធានាឱ្យបានថា ប្រជាជនសកលលោកគ្រប់រូប ទទួលបានទឹកមកប្រើប្រាស់ តាមតម្រូវការ។

សម្ដេចតេជោគូសបញ្ជាក់ថា កម្ពុជានឹងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្រោមយន្តការតំបន់ និងសកល ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹក និងអាងទន្លេឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការឈានទៅសម្រេចគោលដៅ “ទឹកដើម្បី ការអភិវឌ្ឍប្រកបដោយចីរភាព”។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា ឆន្ទៈនយោបាយកម្រិតខ្ពស់ ការខិតខំប្រឹងប្រែង និងការធ្វើ សកម្មភាពរួមគ្នា នឹងធានាបាននូវជោគជ័យក្នុងការសម្រេចគោលដៅខាងលើ។ កម្ពុជាទន្ទឹងរង់ ចាំលទ្ធផលប្រកបដោយផ្លែផ្កានៃ កិច្ចប្រជុំកំពូលលើកទី ៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាមួយនឹង “សេចក្តីប្រកាសក្រុងខឹម៉ាមូតុ” ដែលនឹងក្លាយជាឯកសារបង្ហាញផ្លូវដ៏មានសារៈសំខាន់សម្រាប់ពង្រឹង កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដែលធានាឱ្យបាននូវការប្រើប្រាស់ ការអភិវឌ្ឍន៍ និងការគ្រប់គ្រងទឹក ប្រកបដោយ ចីរភាព និងបរិយាបន្ន សម្រាប់មនុស្សជាតិគ្រប់ជំនាន់៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង