អភិបាលខេត្តត្បូងឃ្មុំ បន្តចុះសំណេះសំណាលសួរសុខទុក្ខជាមួយពលរដ្ឋ ក្នុងឃុំចំនួន០២ និងអាជីវករផ្សារមេមត់ប្រមាណជិត១៦០០នាក់ ក្នុងស្រុកមេមត់

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានពន្លត់ភ្លើងសង្គ្រាម នាំប្រទេសមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជាតិ សម្រាប់ជាតិនិងប្រជាជនកម្ពុជា។

មានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ក្នុងឳកាសដឹកនាំក្រុមការងារបន្តចុះសំណេះសំណាលសួរសុខទុក្ខជាមួយពលរដ្ឋក្នុងឃុំចំនួន០២ នៃស្រុកមេមត់ នៅឃុំដារ និងឃុំមេមត់ ព្រមទាំងអាជីវករផ្សារមេមត់ នៅទីរួមស្រុកមេមត់ សរុបប្រមាណចំនួន១៦០០នាក់។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងប្រាប់ទៅកាន់ពលរដ្ឋ និងអាជីវករបន្តថា ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន បាននាំឱ្យប្រទេសកម្ពុជា មាននូវឯករាជ អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលធ្វើឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស បាននិងកំពុងរស់នៅក្នុងសុខសន្តិភាព សុខដុមរមនា សំបូរសប្បាយ និងពោរពេញទៅដោយមោទនភាព ចំពោះសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលសម្រេចបានក្នុងរយៈពេលកន្លងមកនេះរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សូមឲ្យបងប្អូនពលរដ្ឋចូលរួមបោះឆ្នោតទាំងអស់គ្នា ជាពិសេសបន្តបោះឆ្នោតគាំទ្រ សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ដែលខិតខំលះបង់កំលាំងកាយចិត្តតស៊ូនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍន៍រីកចម្រើនរហូតសព្វថ្ងៃនេះ។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានលើកឡើងពីយុទ្ធសាស្ត្រស្រោចវ៉ាក់សាំងបានយ៉ាងល្អ របស់សម្តេចតេជោ ដែលធ្វើឲ្យកម្ពុជាជោគជ័យលើការងារប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួនធំ។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានបន្តអំពាវនាវឲ្យពលរដ្ឋ និងអាណាព្យាបាលទាំងអស់ សូមនាំកុមារអាយុចាប់ពី០៣ឆ្នាំ រហូតដល់មនុស្សចាស់ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី០១ ក៏ដូចជាដូសជំរុញ សូមមកចាក់ដោយឥតគិតថ្លៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺនេះ ដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងអាយុជីវិតខ្លួន ក្រុមគ្រួសារ និងសហគមន៍យើង៕សហការីTNMប្រចាំខេត្តត្បូងឃ្មុំ សម្រួលលដោយ ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង