សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់អាកាសយានដ្ឋាន Aso Kumamuto ទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន ប្រកបដោយសុវត្តិភាព

 រាជធានីភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុង Kumamuto ប្រទេសជប៉ុន ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៤ និង១៥នាទី ម៉ោងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវនិងម៉ោង១២និង១៥ ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៣មេសាស្អែក។

នៅអាកាសយានដ្ឋាន Aso Kumamuto ទីក្រុង Kumamuto ប្រទេសជប៉ុន វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជា ណាចក្រកម្ពុជា ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ឯកឧត្តម អូនីស៊ិ កាហ្សឺកហ្វូមិ អភិបាល ក្រុងគូម៉ាម៉ូតូ ឯកឧត្តមអនុរដ្ឋមន្រ្តី ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន ខេត្តគូម៉ាម៉ូតូ និងឥស្សរជនការទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ជាច្រើនរូប។

ដោយឡែកនៅសណ្ឋាគារ Kumamoto Castle វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីសិស្ស និស្សិត កម្មសិក្សាការី និងបងប្អូនសហគមន៍ខ្មែរ ដែលកំពុងសិក្សា ធ្វើការ និងស្នាក់នៅប្រទេសជប៉ុន ប្រមាណ ជាង១០០នាក់។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវសេចក្តីសប្បាយរីករាយដោយបានជួបដោយផ្ទាល់ ជាមួយបងប្អូនកូនក្មួយចៅៗ ជាសិស្ស និស្សិត កម្មសិក្សាការី និងបងប្អូនសហគមន៍ខ្មែរ ដែលកំពុងសិក្សា ធ្វើការ និងស្នាក់នៅប្រទេសជប៉ុន ដែលនេះបង្ហាញឲ្យឃើញពីការគោរពស្រឡាញ់ រវាងថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋខ្លួន ដែលកំពុងឃ្លាតឆ្ងាយពីមាតុ ប្រទេស ទៅបំពេញការសិក្សា រកស៊ីទទួលទាន ស្នាក់នៅប្រទេសជប៉ុន។

តាមទូរលេខដែលបញ្ជាក់ដោយក្រសួងការបរទេស បានឲ្យដឹងថា នៅកម្ពុជាមានជនជាតិជប៉ុនស្នាក់នៅប្រទេសកម្ពុជា មានចំនួន ៤ ២១៦នាក់ គិតត្រឹមខែមករាឆ្នាំ២០២១ ដោយឡែកសិស្ស និស្សិត កម្ពុជាសិក្សាអាហារូបករណ៍បង់ថ្លៃ នៅប្រទេសជប៉ុនចំនួន ៦៩៣នាក់ និងមានពលរដ្ឋកម្ពុជារស់នៅ និងប្រកបរបរអាជីវកម្មនៅក្នុងប្រទេសជប៉ុន មានចំនួន ៥ ២០៣នាក់ គិតត្រឹមខែមិថុនាឆ្នាំ២០២០។

តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី និងអញ្ជើញកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក នៅទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន នៅថ្ងៃទី២៣មេសា ជាមួយប្រមុខរដ្ឋាភិបាល នៃប្រទេសជប៉ុន ប្រទេសទូវ៉ាលូ ឡាវ នេប៉ាល់ និងបណ្តារដ្ឋមន្រ្តី មកពីប្រទេសក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វីក ជាច្រើនរូបទៀត។

ជាមួយគ្នានេះ សម្តេចតេជោ និងជួបសន្ទនាការងារទ្វេភាគី ជាមួយសមភាគីជប៉ុន ឯកឧត្តម គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្រ្តីជប៉ុន ហើយនៅក្នុងជំនួបទ្វេភាគីនោះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា ជប៉ុន និងធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា រវាងក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ដែលចុះហត្ថលេខារវាង ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួង ធន ធានទឹក និងឧតុនិយមកម្ពុជា ជាមួយឯកឧត្តម សាយតុ តេត្យុអុ (Saito Tetsuo) រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។

ជាមួយគ្នានេះ សម្តេចតេជោ និងជួបសន្ទនាការងារទ្វេភាគីជាមួយ ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជួបសន្ទានជាមួយ ឯកឧត្តមអភិបាលខេត្តគួម៉ាម៉ូតូ និងបណ្តាមេដឹកនាំក្រុមហ៊ុនធំៗ របស់ប្រទេសជប៉ុនផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង