រដ្ឋសភាកម្ពុជាស្នើសភាឥណ្ឌាបន្តជួយជួសជុលប្រាសាទ បុរាណ និងពន្លឿនកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានស្នើដល់សភានៃសាធារណរដ្ឋឥណ្ឌា បន្តជួយជួសជុលប្រាសាទបុរាណ និងពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរី ដើម្បីជាប្រយោជន៍ដល់ប្រជាជាតិ និងសង្គមជាតិ ។
ការលើកនូវសំណើរនេះ ធ្វើ ឡើងក្នុងឱកាសឯកឧត្តម អំ បឺរឡា (Om Birla) ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី២៤ ខែមេសា ក្នុងគោលបំណងពង្រឹងទំនាក់ ទំនង និងពង្រីកកិច្ចសហប្រតិ បត្តិការលើផ្នែកការទូតសភា សេដ្ឋកិច្ច សង្គម វប្បធម៌ប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
សម្តេចពញាចក្រី ហេង សំរិន មានប្រសាសន៍ថា ឥណ្ឌា ជាសហប្រធាន ICC ព្រះវិហារ ដែលអនុវត្តការស្តារបេតិក ភណ្ឌប្រាសាទបាយ័ន និងប្រាសាទព្រះវិហារ ដូច្នេះក្នុង នាមសភាកម្ពុជា គឺចង់បាននូវការជួយកិច្ចសហការក្នុងការអភិរក្ស និងស្តារបេតិកភណ្ឌវប្បធម៌នៅកម្ពុជាពីភាគីឥណ្ឌាបន្តទៀត ដោយសារប្រជាជនកម្ពុជា-ឥណ្ឌា មានទំនាក់ ទំនងជាប្រវត្តិសាស្រ្ត ដែលមានវប្បធម៌ ជំនឿ សាសនា ស្រដៀងគ្នា។
នៅក្នុងជំនួបដែលធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី ២២ ខែមេសានេះ សម្តេចពញាចក្រី ហេង សំរិន ក៏បានស្នើសុំភាគីឥណ្ឌាពន្លឿនដល់ការបង្កើតឱ្យមានកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទំាងពីរ និងបន្តគំាទ្រការបណ្តុះបណ្តាលធនធាន មនុស្សនៅកម្ពុជាផងដែរ ខណៈភាគីនៃសភាប្រទេសទាំងពីរ បានបេ្តជ្ញារួមគ្នាលើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិសភា សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ។ សម្តេចបានបញ្ជាក់ថា ឥណ្ឌាជាប្រទេសមួយ ក្នុង ចំណោមប្រទេសមិនច្រើនទេដែលបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតកម្ពុជា និងបានបើកស្ថានទូតនៅកម្ពុជានាឆ្នាំ១៩៨១។
សម្តេចប្រធានរដ្ឋសភា បានជម្រាបគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឥណ្ឌា អំពីការបន្តរក្សាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច របស់កម្ពុជាក្នុងរយៈពេលវែង ព្រមទំាងមានកិច្ចសហប្រតិ បត្តិការល្អ ជាមួយបណ្តាប្រទេសនានា នៅក្នុងតំបន់ និងសកលលោក។ ជាមួយគ្នានេះ ក៏បានលើកឡើងពីការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ រួមនឹងវិធានការស្តារសេដ្ឋកិច្ច សង្គមកម្ពុជាឡើង វិញ នៅក្រោយវិបត្តិកូវីដ១៩។
ឯកឧត្តម អំ បឺរឡា បានទទួលសំណើរបស់សម្តេចប្រធានរដ្ឋសភា និងសន្យាថា នឹងផ្តល់ចម្លើយជាវិជ្ជមានជូនសម្តេច តាមរយៈឯកអគ្គរដ្ឋទូតប្រចំានៅកម្ពុជា នាពេល ក្រោយទៀត។ ប្រធានរដ្ឋសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌារូបនេះ មានប្រសាសន៍ថា ប្រទេសឥណ្ឌា មានគម្រោងអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា ដូចជាវិស័យសុខាភិ បាល កសិកម្ម និងបច្ចេកវិទ្យា ដែលគម្រោងទំាងអស់នោះបានផ្តល់ផលប្រយោជន៍ជា ច្រើនដល់ប្រជាជនកម្ពុជា៕សម្រួលដោយ ទៀង បុណ្ណរី