មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ ស្នើឱ្យប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមថែរក្សាបណ្តាញលូនិងគាំទ្រប្រតិបត្តិការ សេវាកម្មប្រព័ន្ធចម្រោះទឹកកខ្វក់
ភ្នំពេញ ៖ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមថែរក្សាបណ្តាញលូ និងគាំទ្រប្រតិបត្តិការសេវាកម្មប្រព័ន្ធចម្រោះទឹកកខ្វក់ ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់សុខុមាលភាពប្រជាជននិង ប្រព័ន្ធអេកូឡូស៊ី។
ថ្លែងក្នុងកម្មវិធីអប់រំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងជាសាធារណៈ អំពីបណ្តាញលូ និងទឹកកខ្វក់ដែលរៀបចំឡើងដោយ នាយកដ្ឋានសរុប និងព័ត៌មាន នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ កាលពីថ្ងៃទី២១ ខែមេសា នាទីតាំងបរិវេណមុខ សាលាខេត្តបាត់ដំបង ឯកឧត្តម វង្ស ពិសិដ្ឋ បានមានប្រសាសន៍ថា ដោយសារកម្ពុជាបច្ចុប្បន្នមានសន្តិភាព ទើបធ្វើឱ្យយើងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ ទន្ទឹមនឹងសន្ទុះនៃការអភិវឌ្ឍន៍នៅក្នុងខេត្តបាត់ដំបង បញ្ហាទឹកកខ្វក់ដែលបង្កពីសកម្មភាពផ្សេងៗ បានហូរចូលទៅក្នុងតំបន់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ និងសហគមន៍ បង្កផលប៉ះពាល់ដល់សុខុមាលភាពប្រជាជន សោភ័ណភាព ជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងជះឥទ្ធិពលដល់សេដ្ឋកិច្ចជាតិ ដែលត្រូវបានរាជ រដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ជាចម្បង។ ហេតុដូចនេះ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនពិសេស បណ្តាញលូទឹកភ្លៀង បណ្តាញលូទឹកកខ្វក់ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ទីលានចាក់សំណល់ភក់ ត្រូវបានសាង់សង់ និងកំពុងសាងសង់នៅតាមបណ្តារាជធានី និងក្រុងសំខាន់ៗ រួមទាំងក្រុងបាត់ដំបង ខេត្តបាត់ដំបងផងដែរ។
ឯកឧត្តម បានបន្ថែមថា ដើម្បីឱ្យសមិទ្ធផលទាំងនោះអាចប្រើប្រាស់បានយូរអង្វែង សូមឱ្យមានការចូលរួមពីប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធដើម្បីប្រែក្លាយក្រុងបាត់ដំបងទៅជាទីក្រុងដ៏ស្រស់ស្អាត មានសោភ័ណភាព អនាម័យស្អាត បរិស្ថានល្អ និងគួរឱ្យចង់រស់នៅ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយ:ការ លើកកម្ពស់អនាម័យស្អាត និងសុខភាពសាធារណៈ ធ្វើឱ្យសុខុមាលភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
តាមរយៈកម្មវិធីអប់រំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីបណ្តាញលូ និងទឹកកខ្វក់ ក្នុងក្រុងបាត់ដំបងនាពេលនេះ ជាមធ្យោបាយមួយដ៏ល្អ ក្នុងការជំរុញឱ្យមានការចូលរួមខ្ពស់ពីសំណាក់ប្រជាពលរដ្ឋទូទៅក្នុងការប្រើប្រាស់ និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធ ដែលបានសាងសង់រួច ប្រកបដោយ ប្រសិទ្ធភាព និងនិរន្តរភាព។
សូមបញ្ជាក់ថា ការចូលរួមផ្តើមចេញពីយើងទាំងអស់គ្នា ជាប្រជាពលរដ្ឋ នឹងធ្វើឱ្យផ្ទះយើងស្អាត ភូមិយើងស្អាត សង្កាត់យើងស្អាត ទីក្រុងយើងស្អាត និងសុខភាពយើងល្អ៕សម្រួលដោយ ទៀង បុណ្ណរី